សន្ដិសុខសង្គម

អាវុធហត្ថនាំបុរសចិនម្នាក់ទៅតុលាការ សង្ស័យឆបោកលុយ១០ម៉ឺនដុល្លារ

ភ្នំពេញ៖អាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បាននាំខ្លួនជនជាតិចិនម្នាក់​សង្ស័យ​ឆបោក​លុយ១០ម៉ឺនដុល្លារទៅតុលាការដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ LI YOU HANG អាយុ៥៤ឆ្នាំ ស្នាក់នៅខុនដូ បាលី ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ដើមហេតុឈានដល់ការ​ចាប់ខ្លួនគឺជនសង្ស័យត្រូវបានមិត្តភក្តិជនជាតិម៉ាឡេស៊ីជាម្ចាស់លុយបានចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ករណីឆបោកលុយចំនួន១០ម៉ឺនដុល្លារផ្តើមចេញពីការដាក់ទុនបង្កើត​របរលក់គ្រឿងសំណង់។

មន្ត្រីដដែលបានបន្តថា កាលពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានទំនាក់ទំនង​ជាមួយជនជាតិម៉ាឡេស៊ីម្នាក់ដោយរាប់អានគ្នាធ្វើជាមិត្តភក្តិ ហើយក៏បបួលមិត្តភក្តិនោះឱ្យ​ដាក់ទុន​វិនិយោគបើកក្រុមហ៊ុនរកស៊ីលក់គ្រឿងសំណង់នៅស្រុកខ្មែរ។

ដោយមានការជឿទុកចិត្ត ជនរងគ្រោះក៏បានចំណាយប្រាក់ចំនួន១០ម៉ឺនដុល្លារ​ឱ្យជនសង្ស័យដើម្បីទិញសម្ភារគ្រឿងសំណង់។ប៉ុន្តែជនសង្ស័យរូបនោះនៅពេល​បានលុយ១០ម៉ឺនដុល្លាររួចហើយមិនបានយកលុយទៅទិញសម្ភារតាមការសន្យាទេ បែរជាយកលុយទៅលេងល្បែងនៅកាស៊ីណូចាញ់អស់ ទើបម្ចាស់លុយ​តាមចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង៕ដោយ៖វិចិត្រ