អន្តរជាតិ

អាម៉េរិកនឹងពិចារណាបញ្ជូនគ្រាប់ធុនតូចថ្មី ធូរថ្លៃដល់អ៊ុយក្រែន

សហរដ្ឋអាម៉េរិក និយាយថានឹងពិចារណាបញ្ជូនគ្រាប់បែកធុនតូចថ្មី តម្លៃធូរថ្លៃ ដល់អ៊ុយក្រែន ខណៈមានសមត្ថភាពអាចបាញ់ធ្លាយហួសខ្សែបន្ទាត់ជួរមុខរបស់រុស្ស៊ី។

យោងតាមបណ្តាញសារព័ត៌មានរ៉យទ័រ គ្រាប់បែកនេះមានឈ្មោះថា Ground-Launched Small Diameter Bomb ឬហៅកាត់ថា (GLSDB) ផលិតឡើងដោយក្រុមហ៊ុន Boeing។ ប្រភពនៃក្រុមហ៊ុនបានប្រាប់រ៉យទ័រលម្អិតយ៉ាងដូច្នេះថា រដ្ឋាភិបាលអាម៉េរិកពិតជានឹង ពិចារណាអំពីផែនការបញ្ជូនគ្រាប់បែកនេះទៅកាន់អ៊ុយក្រែនមែន  នាពេលខាងមុខ ព្រោះទាំងសមត្ថភាព និងតម្លៃគឺសមស្រប។ វាជាគ្រាប់បែកធុនតូចងាយបាញ់ និងមានតម្លៃធូរថ្លៃ ដែលមានសមត្ថភាពខ្ពស់អាចបាញ់បានឆ្ងាយ១៦០គីឡូម៉ែត្រ រហូតអាចហួសខ្សែបន្ទាត់ជួរមុខ ទៅដល់ក្រោយខ្សែការពាររុស្ស៊ី។ លម្អិតជាងនេះ យោងតាមឯកសារដែលត្រូវបានពិនិត្យដោយ Reuters និងមនុស្សបីនាក់ ពាក់ព័ន្ធនឹង គម្រោងនេះ គ្រាប់បែកធុនថ្មីទំនងជានឹងផ្តល់ឲ្យអ៊ុយក្រែនភ្លាមៗតែម្តងនៅដើមឆ្នាំ២០២៣។

លោក Doug Bush ដែលជាប្រធានអ្នកទិញសព្វាវុធរបស់កងទ័ពអាម៉េរិកបានប្រាប់អ្នកយក ព័ត៌មានមន្ទីរបញ្ចកោណកាលពីសប្តាហ៍មុនថា កងទ័ពក៏កំពុងសម្លឹងមើលការពន្លឿនការ ផលិតគ្រាប់កាំភ្លើងធំ ១៥៥ មិល្លីម៉ែត្រដែរ ដើម្បីអាចបញ្ជូនទៅកាន់អ៊ុយក្រែនឲ្យទាន់ សភាពការណ៍៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា