អន្តរជាតិ

រុស្ស៊ីដឹកប្រព័ន្ធ​មីស៊ីល​ប្រឆាំង​យន្តហោះ Tor-M2 យ៉ាងហោច ១៥ គ្រឿង​ទៅ​បេឡារុស

សេចក្តីរាយការណ៍ថ្មីបានឲ្យដឹងមកថា នៅដើមសប្តាហ៍នេះ រុស្ស៊ីបានដឹកប្រព័ន្ធមីស៊ីល​ប្រឆាំង​យន្តហោះយ៉ាងហោចណាស់១៥គ្រឿង និងឧបករណ៍វិស្វកម្មជាច្រើនទៀតទៅ​ដល់ប្រទេសបេឡារុស។

យោងតាមប្រព័ន្ធផ្សព្វផ្សាយឃ្លាំមើលយោធាឯករាជ្យបេឡារុស ឬហៅថា Belaruski Hajun ដកស្រង់បន្តចេញពីបណ្តាញសារ Telegram នៃសហគមន៍កម្មករផ្លូវដែកប្រទេសបេឡារុស បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា  ក្បួនរថយន្តរុស្ស៊ីបានចាកចេញពីស្ថានីយរថភ្លើង Yeysk នៃKrasnodar Krai សហព័ន្ធរុស្ស៊ី និងនៅថ្ងៃទី២៨ ខែវិច្ឆិកា សប្តាហ៍នេះ វាត្រូវបានគេមើល​ឃើញជាថ្មីនៅឯ Orsha-Centraljnaya (តំបន់ Vitebsk នៃសាធារណរដ្ឋបេឡារុស) ផ្ទេរផ្លូវទៅ​កាន់ស្ថានីយ Lisova ប្រទេសបេឡារុស។

តាមការឃ្លាំមើល ក្បួនរថយន្តមានផ្ទុកប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះស៊េរី Tor-M2 យ៉ាងហោចណាស់ ១៥ គ្រឿង និងឧបករណ៍វិស្វកម្មចំនួន ១០ គ្រឿងផ្សេងទៀត។

យោងតាមការលួចបង្ហើបប្រាប់ពីកម្មករផ្លូវដែកបេឡារុស “ការដឹកជញ្ជូនទំនិញប្រភេទនេះ​មិនមែនជាក្បួនគ្រឿងបរិក្ខារយោធាចុងក្រោយដែលរុស្ស៊ីដឹកមកកាន់បេឡារុសនោះទេ” ដែលមានន័យថា រុស្ស៊ីតែងតែដឹកទៅមកក្នុងអំឡុងសង្រ្គាមនៅអ៊ុយក្រែន៕

ប្រភព៖ Pravda

ប្រភពរូប៖Pravda
ប្រែសម្រួល៖សុខ តុលា