អន្តរជាតិ

រុស្ស៊ីច្រានចោលការលើកឡើងរបស់អ៊ុយក្រែនដែលថា ខ្លួននឹងដកទ័ពចេញពីរោងចក្រនុយក្លេអ៊ែរ

វិមានក្រឹមឡាំងបានចេញបដិសេធភ្លាមៗ ក្រោយអ៊ុយក្រែននិយាយថា ទាហានរុស្ស៊ីកំពុង​រៀបចំដកខ្លួនចេញពីរោងចក្រថាមពលចក្រនុយក្លេអ៊ែរ Zaporizhzhia។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ី អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានច្រានចោលកាលពីថ្ងៃចន្ទអំពីដំណឹងលេចឮនេះដែលថា ទ័ពរបស់ខ្លួននឹងដកចេញពីរោងចក្រនុយក្លេអ៊ែរ។ លោក Peskov បានប្រាប់ថា “មិនចាំបាច់ស្វែងរកសញ្ញាអ្វីដែលមិនពិត មិនអាចទៅរួចនោះទេ”។ ក្នុងន័យនេះ លោកចង់ប្រាប់ទៅអ៊ុយក្រែនថា រុស្ស៊ីនឹងមិនដកទ័ពចេញពីរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នោះទេ។

គួររំលឹកថា ពាក្យចចាមអារ៉ាមត្រូវបានធ្វើឡើងដោយប្រធានក្រុមហ៊ុន Energoatom របស់អ៊ុយក្រែន គឺលោក Petr Kotin។ លោកនិយាយថា លោកបានឃើញសញ្ញាដែល រុស្ស៊ីអាចនឹងកំពុងរៀបចំចាកចេញពីរោងចក្រ ដែលជាកន្លែងនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប និងជាមជ្ឈមណ្ឌលនៃការវាយប្រហារមីស៊ីលដ៏ជូរចត់រវាងរុស្ស៊ីនិងអ៊ុយក្រែន។ “យើងកំពុងទទួលបានព័ត៌មានប្រកបដោយប្រសិទ្ធភាពដែលសញ្ញាបានលេចឡើងថាពួកគេប្រហែលជាកំពុងរៀបចំចាកចេញពី[រោងចក្រ]”៕

ប្រភព៖  CNBC

ប្រភពរូប៖CNBC
ប្រែសម្រួល៖សុខ តុលា