កីឡា

មេឃខៀវ ប៉ះ​តោខៀវ ក្នុង​កម្មវិធី FA Cup ជុំទី៣​

ក្រុមមេឃខៀវ Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមតោខៀវ Chelsea សម្រាប់​ការប្រកួតដណ្តើមពានរង្វាន់ ក្នុង​កម្មវិធី FA Cup ជុំទី៣ ខណៈដែលក្រុមហង្សក្រហម Liverpool និងក្រុម​បិសាចក្រហម Manchester United ក៏ត្រូវប៉ះ​ក្រុម​គូប្រកួតនៅក្របខ័ណ្ឌ Premier League ជា​មួយ​គ្នា​ដែរ សម្រាប់​ការ​ចាប់​ឆ្នោត កាល​ពី​ថ្ងៃចន្ទ។

ក្រុម Liverpool ត្រូវ​ចាប់ផ្តើមយុទ្ធនាការ​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន ក្នុង​កម្មវិធី​នេះ ដោយ​ការ​បើក​ទ្វារកីឡដ្ឋាន Anfield របស់ខ្លួន ស្វាគមន៍ក្រុម Wolves ខណៈដែល​ក្រុម​ Man United ក៏ដូចគ្នា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះទទួល​ក្រុម Everton។

ក្រុម Man City បានទម្លាក់ក្រុម​របស់​លោក Graham Potter ចេញពីកម្មវិធី ១ទៀត គឺ League Cup ម្ដង​រួ​ចហើយ ជាមួយនឹងជ័យជម្នះ ២-០ នៅកីឡដ្ឋាន Etihad កាលពីដើមខែនេះ ហើយ​ក្រុម​ទាំង២ នឹងជួបគ្នាម្តងទៀត នៅចុងសប្តាហ៍នៃថ្ងៃទី ៦-៩ ខែមករា នៅពេលដែលការប្រកួតរបស់ក្លិបអាជីព​ចាប់ផ្តើមឡើងវិញ បន្ទាប់ពីបញ្ចប់​ព្រឹត្តិការណ៍ World Cup។

ក្រុម​កាំភ្លើង​ធំ Arsenal ដែលជាក្រុមនាំមុខគេក្នុងក្របខ័ណ្ឌ Premier League ត្រូវ​ធ្វើដំណើរទៅកាន់ផ្ទះ​របស់​ក្រុម Oxford United របស់​ក្របខ័ណ្ឌ League One ខណៈដែលក្រុមសារិកាព្រៃ Newcastle នឹងចាប់ផ្តើមដំណើរស្វែងរកពានរង្វាន់ FA Cup ជាលើកដំបូងរបស់​ពួកគេ ចាប់តាំងពីឆ្នាំ១៩៥៥ ដោយ​ការ​ធ្វើ​ជាភ្ញៀវ​របស់​ក្រុម Sheffield Wednesday។

ក្រុមញញួរ​ធំ West Ham ត្រូវ​ធ្វើដំណើររយៈ​ពេលខ្លី ដើម្បី​ទៅជួប​ក្រុម​ម្ចាស់ផ្ទះ Brentford ហើយ​ក្រុម​អ្នក​ចិត្តបុណ្យ Southampton ក៏​ត្រូវ​ធ្វើដំណើរទៅកាន់ទឹក​ដី​របស់​ក្រុម Crystal Palace ដែរ សម្រាប់​ការ​ជួប​គ្នា រវាង​ក្រុម នៅ Premier League ជាមួយ​គ្នា​ផ្សេងទៀត៕