សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យនិងគ្រឿងញៀនទម្ងន់ជាង ២០០គីឡូក្រាមទៅតុលាការ

ភ្នំពេញ៖កម្លាំងប្រឆាំងគ្រឿងញៀនភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា បានបញ្ជូន​ជនសង្ស័យម្នាក់ចំណោមបក្ខពួកច្រើននាក់និងគ្រឿងញៀនទម្ងន់ជាង២០០គីឡូក្រាមទៅតុលាការ។

លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំង​ជំនាញ​ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ដោយចាប់ឧក្រិដ្ឋជនបានម្នាក់​និង២-៣នាក់ទៀតកំពុងរត់គេចខ្លួន​ ហើយរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន​ចំនួន២០០គីឡូ៣៦៧ក្រាម។

ក្រុមឈ្មួញមានបំណងដឹកជញ្ជូនគ្រឿងញៀនទាំងនេះទៅខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ គោលដៅនាំចេញទៅក្រៅប្រទេសតាមច្រកព្រំដែនកម្ពុជាថៃ ប៉ុន្តែត្រូវកម្លាំង​នគរបាលជំនាញប្រឆាំងគ្រឿងញៀនក្រសោបបានទាំងស្រុង។

ក្រោយពីកសាងសំណុំរឿងរួចរាល់ បានបញ្ជូនជនឧក្រិដ្ឋម្នាក់និងវត្ថុតាងទៅតុលាការ​រាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖វិចិត្រ