កីឡា

Fuellkrug ស៊ុតបញ្ចូលទីចុងម៉ោង ជួយសង្គ្រោះអាល្លឺម៉ង់ នៅ World Cup

គ្រាប់បាល់នៅចុងម៉ោង ដែល​ស៊ុត​បញ្ចូល​ទី​ដោយកីឡាករ Niclas Fuellkrug បានធ្វើឱ្យក្រុម​ជម្រើសជាតិអាល្លឺម៉ង់​ តាម​ស្មើ ១-១ ជាមួយ​ក្រុមអេស្ប៉ាញ សម្រាប់​ការប្រកួត ក្នុង​ព្រឹត្តិការណ៍ World Cup កាលពីថ្ងៃអាទិត្យ ដែលលទ្ធផល​នេះ នាំ​ឱ្យក្តីសង្ឃឹមរបស់​ក្រុម​គីឡូធ្ងន់ទាំង ២ ក្នុងការបាន​ឡើង​ទៅវគ្គ ១៦​ក្រុមចុងក្រោយ ស្ថិតក្នុង​ភាព​ប្រទាញប្រទង់។

ការបញ្ចប់ទី​ស្អាត​អស្ចារ្យ​របស់​ខ្សែប្រយុទ្ធ Alvaro Morata បានជួយ​ឱ្យក្រុម​អេស្ប៉ាញស្ថិតក្នុងដំណើរផ្លូវ​ឆ្ពោះទៅកាន់វគ្គចាញ់​ធ្លាក់ ដោយ​ការ​ឆ្លង​ផុត​ពីពូល E ប៉ុន្តែ​កីឡាករ Jamal Musiala និង Fuellkrug បាន​សហការ​គ្នា ដើម្បី​បំផ្លាញ​ឱកាស​របស់​ក្រុម​គូបដិបក្ខ ក៏​ដូច​ជា​ស្ដារ​ក្ដី​សង្ឃឹម និង​មោទនភាព​របស់​ក្រុម​អាល្លឺម៉ង់ខ្លះ​ៗឡើងវិញ។

ការទទួលបាន​ជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុម​កូស្តារីកាលើក្រុម​ជប៉ុន ក្នុង​ហ្គេម នៅមុន​នោះ​ បានបន្ធូរបន្ថយសម្ពាធខ្លះ ចំពោះ​ក្រុមឥន្ទ្រីអាល្លឺម៉ង់ បន្ទាប់ពីពួក​គេ​បាន​ចាញ់ក្រុមលំដាប់​កំពូល​របស់​តំបន់​អាស៊ីយ៉ាង​គួរឱ្យភ្ញាក់ផ្អើល ក្នុង​ការ​ប្រកួត​បើក​ឆាក ប៉ុន្តែពួកគេមិនអាចប្រើប្រាស់​ប្រយោជន៍រយៈពេលឱ្យ​បាន​ច្រើន ក្នុងការប្រជែងដណ្តើមបាល់ជាមួយក្រុម​អេស្ប៉ាញនោះឡើយ​។

ក្រុម​ម្ចាស់ជើងឯកពិភពលោក ៤សម័យកាល បានរងនូវភាព​អាម៉ាស់ ដោយ​ការ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល នៅប្រទេសរុស្ស៊ី កាលពី ៤ឆ្នាំមុន ហើយការស៊ុត​របស់កីឡាករ Morata ក្នុង​ការប្រកួត នៅ​កីឡដ្ឋាន Al Bayt បានធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​រូប​ភាព​នេះ​ម្ដង​ទៀត ប៉ុន្តែការ​ទម្លុះ​សំណាញ់​ទី​យ៉ាង​ល្អ​អស្ចារ្យ​របស់​ខ្សែប្រយុទ្ធ Fuellkrug របស់​ក្រុម Werder Bremen បានជួយ​ដណ្ដើម​ ១ពិន្ទុ​ដ៏​មាន​តម្លៃ​។

ពេល​នេះ ក្រុមអេស្ប៉ាញ នាំមុខគេ ក្នុងពូល E ដោយ​មាន ៤ ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ក្រុមជប៉ុន និងកូស្តារីកា ដែល​មាន ៣ពិន្ទុដូច​គ្នា ខណៈក្រុម​អាល្លឺម៉ង់មាន ១ពិន្ទុ ជាមួយនឹងការនៅ​សល់​ ១ហ្គេម​ចុង​ក្រោយ​៕