អន្តរជាតិ

អ៊ុយក្រែនអះអាងជាថ្មីថា ៩០% នៃទីក្រុងកៀវត្រូវបានស្តារថាមពលឡើងវិញហើយ

បន្ទាប់ពីបណ្តាប្រទេសជាសម្ព័ន្ធមិត្ត បានសម្រុកនាំគ្នាបញ្ជូនម៉ាស៊ីនភ្លើងជាច្រើនគ្រឿង​នាពេលថ្មីៗនេះ អ៊ុយក្រែនបានរាយការណ៍ថា ថាមពលនៅក្នុងរដ្ឋធានីស្ទើរទាំងស្រុង​ត្រូវបាន​ស្តារឡើងវិញ។

យោងតាមអភិបាលទីក្រុង Kyiv លោក Vitali Klitschko បានជូនដំណឹងកាលពីចុង   សប្តាហ៍កន្លងទៅនេះ ៩០% ផ្ទះនៅក្នុងទីក្រុងកៀវត្រូវបានស្តារឡើងវិញហើយជាមួយ​ថាមពលអគ្គិសនី ប្រភពកម្តៅ និងទឹកស្អាត។ លោកថា ៩០% គឺស្ទើរទាំងស្រុង តែក៏មានមួយចំណែកទៀតដែលមិនទាន់តភ្ជាប់ ពោលគឺកំពុងស្ថិតក្រោមស្ថានភាព​ដ៏លំបាក ខណៈកម្មករជំនាញៗរបស់អ៊ុយក្រែនកំពុងតភ្ជាប់បណ្តាញអគ្គិសនី​ទាំងយប់ទាំងថ្ងៃ ចំពេលដែលមានព្រិលធ្លាក់ជាបន្តបន្ទាប់។ យោងតាមការព្យាករណ៍ ព្រិលនឹងបន្តធ្លាក់អូសបន្លាយជាប់គ្នាមួយសប្តាហ៍នៅទីក្រុងកៀវ លាយឡំជាមួយអ័ព្ទ និងការចុះត្រជាក់។ ចំពោះទឹកស្អាតគឺមិនមែនជាបញ្ហាចោទទៀតឡើយ។

គួរកត់សម្គាល់ថា របាយការណ៍នេះបានកើតឡើងបន្ទាប់ពីប្រទេសជាសម្ព័ន្ធមិត្តអាម៉េ  រិក អង់គ្លេស បារាំង កូរ៉េខាងត្បូង និងអឺរ៉ុបជាច្រើនទៀតបាននាំគ្នាជួយផ្តល់នូវម៉ាស៊ីនភ្លើង​ជាច្រើនរយគ្រឿង។ របាយការណ៍នេះក៏បានកើតឡើង បន្ទាប់ពីលោកហ្សេឡិនស្គី​ប្រធានាធិបតីអ៊ុយក្រែន បានស្តីបន្ទោសលោកអភិបាលខាងលើជា​សាធារណៈចំពោះការខ្សោយសមត្ថភាពរៀបចំជម្រកសម្រាប់ប្រជាជន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា