អន្តរជាតិ

អ៊ុយក្រែនថាមានតម្រុយហើយ រុស្ស៊ីកំពុងរៀបចំចាកចេញពីរោងចក្រនុយក្លេអ៊ែរ Zaporizhzhia

អ៊ុយក្រែននិយាយថា បានឃើញសញ្ញាថ្មី មានតម្រុយថ្មីហើយ ខណៈទ័ពរុស្ស៊ីកំពុងរៀបចំ​ចាកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។

នេះដោយយោងតាមសំដីរបស់ប្រធានក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ គ្រប់គ្រងដោយរដ្ឋ​របស់​អ៊ុយក្រែនផ្ទាល់ គឺលោក Petro Kotin។ លោកបានមានប្រសាសន៍ថា “ក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកបានទទួលព័ត៌មានយ៉ាងមានប្រសិទ្ធភាព និងច្បាស់ការណ៍ អំពីសញ្ញាដែលថារុស្ស៊ីកំពុងរៀបចំខ្លួនចាកចេញពីរោងចក្រ”។ មន្រ្តីជាន់ខ្ពស់រូបនេះ​បានបន្តប្រាប់លម្អិតថា បច្ចុប្បន្នរុស្ស៊ីមិនទាន់ចេញទេ វាមិនលឿនពេកទេដែលពួកគេ​នឹងចេញនោះ តែពិតណាស់ពួកគេកំពុងរៀបចំផែនការដកខ្លួនចេញ ដោយប្រហែលជានឹងប្រគល់រោងចក្រនេះទៅឲ្យភ្នាក់ងារអន្តរជាតិអាតូមិក។

យ៉ាងណាក៏ដោយ ការបញ្ជាក់ផ្លូវការពីខាងរុស្ស៊ីមិនទាន់ត្រូវបានធ្វើឡើងនោះទេ ខណៈអ៊ុយក្រែនក៏បានចោទទាហានរុស្ស៊ីបន្ថែមទៀតពីការចូលលួចរបស់របរគ្រប់យ៉ាងក្នុងរោងចក្រមុននឹងចាកចេញ។

គួររំលឹកឡើងវិញថា រោងចក្រថាមពលនុយក្លេអ៊ែរZaporizhzhia គឺជារោងចក្រនុយក្លេអ៊ែរ​ធំបំផុត​ប្រចាំអឺរ៉ុប។ វាត្រូវបានរុស្ស៊ីវាយដណ្តើមនិងកាន់កាប់កាលពីដើមដំបូងនៃ សង្រ្គាម។ ទាំងភាគីរុស្ស៊ីនិងអ៊ុយក្រែន បានស្តីបន្ទោសដាក់គ្នាជាប់មករហូតចំពោះការបាញ់ផ្លោងដាក់​រោងចក្រនេះ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា