ព័ត៌មានជាតិ

អង្គភាព៧១១ ជួយសង្គ្រោះស្ត្រីម្នាក់គ្មានសាច់ញាតិសម្រាលកូនតាមផ្លូវ

ភ្នំពេញ៖ស្ត្រីម្នាក់អត់មានគ្រួសារសាច់ញាតិ ត្រូវប្តីចុះចោលតាំងពីនាងមានផ្ទៃពោះ៣ខែ រហូតនាងឈឺពោះតាមផ្លូវត្រូវបានក្រុមអង្គភាព៧១១ ជួយសម្រាលកូននិងដឹកទៅ មន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងតាមផ្លូវចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា។

ពលរដ្ឋរស់នៅបន្ទប់ជួលជិតគ្នាបានឱ្យដឹងថា ស្ត្រីរូបនោះឈ្មោះឡី សីម៉ា ហៅស្រីនី អាយុ២១ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង២ ខណ្ឌពោធិ៍សែនជ័យ។

ខណៈពេលកំពុងមហាពិបាក នាងមិនបានប្រាប់អំពីអត្តសញ្ញាណនិងមុខរបរប្ដីរបស់នាង នោះឡើយ ដោយគ្រាន់តែប្រាប់ថា ប្ដីរូបនោះបានចុះចោលនាងរយៈពេល៦ខែ កន្លងមកហើយ តាំងពីនាងមានផ្ទៃពោះបាន៣ខែមកម៉្លេះ។រហូតដល់ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នាងក៏បានឈឺពោះសម្រាលកូន ហើយអ្នកជិតខាងបានហៅផាស្អេបដឹកទៅមន្ទីរពេទ្យ។

ប៉ុន្តែមិនទាន់ដល់ផងក៏ស្រាប់តែឈឺពោះកាន់តែខ្លាំងនៅតាមផ្លូវ។ពេលនោះក៏មានក្រុមសង្គ្រោះអង្គភាព៧១១ បានជួយបង្កើតកូនស្រីម្នាក់ដោយសុវត្ថិភាព។បន្ទាប់មកទើបអង្គភាព៧១១ បញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បីថែទាំ សុខភាពបន្ត៕ដោយ៖វិចិត្រ