ព័ត៌មានជាតិ

អង្គការក្រៅរដ្ឋាភិបាលនិងមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងធ្វើយុទ្ធនាការលុបបំបាត់សំរាមនិងប្លាស្ទិក នៅក្នុងបឹងទន្លេសាប

សៀមរាប៖ មន្ត្រីសង្កាត់ចុងឃ្នាសនៃក្រុងសៀមរាប បានប្តេជ្ញាចិត្តថានឹងប្រឹងប្រែង​សហការជាមួយស្ថាប័នពាក់ព័ន្ធ មានមន្ទីរបរិស្ថាននិងសង្គមស៊ីវិលជាដើម ធ្វើយ៉ាងណា​ឲ្យមូលដ្ឋានមួយនេះគ្មានសំរាមនិងសារធាតុប្លាស្ទិក។

សង្កាត់ចុងឃ្នាសជាសហគមន៍មួយ ដែលមានប្រជាពលរដ្ឋចំនួនជាង៧០០គ្រួសាររស់នៅ​លើផ្ទះបណ្តែតទឹក ក្នុងបឹងទន្លេសាប ដូច្នេះការរស់នៅជាប្រចាំថ្ងៃជៀសមិនផុតពីការ​បោះចោលសំរាមចូលទៅក្នុងទឹកទេ ជាពិសេសសំរាមប្លាស្ទិក ដែលអាចបង្កឱ្យមានការ​ប៉ះពាល់ដល់ធម្មជាតិ ជីវៈចម្រុះ សត្វក្នុងទឹកនិងសុខភាពមនុស្សយ៉ាងខ្លាំង។

ការប្ដេជ្ញាចិត្តបែបនេះ ធ្វើឡើងនៅក្នុងការប្រារព្ធធ្វើទិវាអនាម័យបរិស្ថានជាតិប្រចាំឆ្នាំ២០២២​កាលពីថ្ងៃទី២៦ខែវិច្ឆិកា ក្រោមប្រធានបទ មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង ដែលមានអាជ្ញាធរខេត្តសៀមរាប សហការជាមួយមន្ទីរបរិស្ថានខេត្ត និងអង្គការមូលនិធិ​ទំពាំងស្នងឫស្សី ដើម្បីចាប់ផ្តើមគាំទ្រសហគមន៍ឱ្យអនុវត្តកម្មវិធីគ្រប់គ្រងកាកសំណល់ និងប្រមូលយកប្លាស្ទិក(Waste Management and Harvest Plastic Program)។

ចៅសង្កាត់ចុងឃ្នៀស លោក អ៊ុ សារី បានថ្លែងថា ទោះបីជាយុទ្ធនាការនេះ មិនមែនជាលើកទី១​ក៏ពិតមែន តែអាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ប្តេជ្ញាថានឹងចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធនិងអង្គការជាដៃគូ ធ្វើយ៉ាងណាឱ្យសហគមន៍ចុងឃ្នាស ក្លាយទៅជាសហគមន៍មួយគ្មានការបំពុលដោយសំរាមប្លាស្ទិក។

លោកបន្តទៀតថា បច្ចុប្បន្ននេះ ក្រោយពេលមានការអប់រំផ្សព្វផ្សាយពីអាជ្ញាធរពាក់ព័ន្ធគឺ​ប្រជាសហគមន៍មានការយល់ដឹងច្រើនជាងមុន ដោយពួកគាត់បានកាត់បន្ថយការ​បោះចោលសំរាមចូលក្នុងបឹងទន្លេសាបយ៉ាងច្រើនទៀតហើយ។

លោកចៅសង្កាត់បានលើកឡើងទៀតថា សហគមន៍ចុងឃ្នាសបានប្តេជ្ញាចិត្តថា​បើកយុទ្ធនាការនិងបន្តសកម្មភាពបន្តទៅទៀត ធ្វើឱ្យតំបន់ចុងឃ្នាសក្លាយជា​សហគមន៍មួយដែលគ្មានសំរាមប្លាស្ទិក។

បច្ចុប្បន្ននេះ តំបន់ចុងឃ្នាសនៃបឹងទន្លេសាប មិនត្រឹមតែជាតំបន់ជីវចម្រុះសម្រាប់ឱ្យ​សត្វក្នុងទឹកជាច្រើនប្រភេទរស់នៅឱ្យប្រជាពលរដ្ឋពឹងផ្អែកលើវិស័យជលផលប៉ុណ្ណោះទេ ចុងឃ្នាសក៏ជាសហគមន៍ភូមិបណ្តែតលើទឹក ដែលកំពុងទាក់ទាញភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ ឱ្យទៅទស្សនានិងជិះទូកលេងកម្សាន្តផងដែរ ដូច្នេះប្រសិននៅតែ​បណ្ដែតបណ្ដោយឱ្យមានសំរាម ជាពិសេសថង់ប្លាស្ទិក នៅរាយប៉ាយ គឺនឹងធ្វើឱ្យ​ប៉ះពាល់ដល់វិស័យជលផល ប៉ះពាល់ដល់សុខភាពសហគមន៍ផ្ទាល់ ហើយក៏បាត់បង់​សោភ័ណភាពនៃតំបន់ទេសចរណ៍ទីនោះផងដែរ។

អភិបាលរងខេត្តសៀមរាបលោកពិន ប្រាកដ មានប្រសាសន៍ថា បឹងទន្លេសាបមានទំហំធំល្វឹងល្វើយ មានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវភាព​រស់នៅប្រចាំថ្ងៃរបស់មនុស្ស សត្វ និងជីវៈចម្រុះនានា។ ក្រៅពីនេះបឹងទន្លេសាប​នៃតំបន់ចុងឃ្នាសក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើនឱ្យ​ចូលទៅទស្សនាបឹងនោះដែរ។ ដូច្នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្ត​មិនដាច់នោះ ទាល់តែសហគមន៍ប្រជាពលរដ្ឋត្រូវរួមគ្នា ថែរក្សាអនាម័យបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំរាមប្លាស្ទិក ធ្វើយ៉ាងណាឱ្យសហគមន៍​មួយនេះស្រស់ស្អាត គ្មានការបំពុលដោយប្លាស្ទិក ទើបធ្វើឱ្យជីវភាពប្រជាសហគមន៍​នឹងកាន់តែល្អប្រសើរ ដោយសារទទួលបានចំណូលពីវិស័យទេសចរណ៍។

ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងគាំទ្រគម្រោងគ្រប់គ្រងកាកសំណល់និង​ប្រមូលយកប្លាស្ទិក មានគោលដៅថា ក្រៅតែពីនៅសហគមន៍ចុងឃ្នាស គេក៏កំពុង​ជំរុញនិងលើកទឹកចិត្តសហគមន៍បឹងទន្លេសាបនៅតំបន់ដទៃទៀត ឱ្យធ្វើការសម្អាតសំរាមប្លាស្ទិកប្រចាំឆ្នាំតាមសហគមន៍រៀងៗខ្លួនផងដែរ៕