សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងតាមចាប់អ្នកបើករថយន្ត បុកម៉ូតូបណ្ដាលឱ្យមនុស្សស្លាប់ម្នាក់

ភ្នំពេញ៖បុរសម្នាក់កំពុងជិះម៉ូតូត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបើកបុកពីក្រោយបណ្តាលឱ្យដួលបោកក្បាលស្លាប់ភា្លម ហើយរថយន្តបើករត់គេចបាត់ សមត្ថកិច្ចកំពុងស្វែងរក ចាប់តៃកុង។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។

មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ សៀន ភូម អាយុ២២ឆ្នាំ ស្នាក់នៅភូមិទឹកនឹម ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានស្រុកកំណើតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកនិច ផ្លាកលេខភ្នំពេញ1IC-2850 ទៅធ្វើការនៅបឹងស្នោ ម្តុំពេទ្យជោរៃ តាមផ្លូវជាតិលេខ១។មកដល់កន្លែងខាងលើ រថយន្តបានបើកមកបុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាម ហើយរថយន្តបង្កបន្ថែមល្បឿនគេចបាត់ខ្លួនបាត់។

បន្ទាប់មកនគរបាលប៉ុស្តិ៍ព្រែកឯង និងនគរបាលខណ្ឌច្បារអំពៅ បានចុះយកម៉ូតូ ទៅរក្សាទុក រង់ចាំស្រាវជ្រាវស្វែងរកចាប់តៃអ្នកបើករថយន្ត មកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ