សន្ដិសុខសង្គម

មកពីផឹកស៊ីប្រពន្ធចាក់សោទ្វារ ឡើងតាមជណ្តើរកំពុងសង់រអិលធ្លាក់ស្លាប់

ភ្នំពេញ៖បុរសម្នាក់មកពីផឹកស៊ីកណ្តាលយប់ ត្រូវប្រពន្ធចាក់សោទ្វារ ក៏ឡើងតាមជណ្តើរ ការដ្ឋានកំពុងសាងសង់រអិលជើងធ្លាក់មកក្រោមបោកក្បាលស្លាប់ភ្លាមគ្មាននរណាអ្នកដឹង។

ភាពភ្ញាក់ផ្អើលបានកើតឡើងនៅតាមផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា។ ប្រពន្ធអ្នកស្លាប់បានឱ្យដឹងថា ប្ដីរបស់គាត់ឈ្មោះ ទឿន តយ អាយុ៣០ឆ្នាំ ជាកម្មករសំណង់ កន្លែងកំណើតនៅស្រុកកំរៀង ខេត្តពោធិ៍សាត់ បានមកធ្វើការក្នុងការដ្ឋាននេះ៥ខែមកហើយ។

នៅថ្ងៃកើតហេតុ ប្ដីគាត់បានទៅផឹកស៊ី ហើយនាងចាំយូរពេកក៏ចាក់សោទ្វារ។លុះយប់ជ្រៅម៉ោងជាង១២ ពេលប្ដីត្រឡប់មកវិញក៏បានដើរឡើងតាមកាំជណ្តើរ កំពុងសាងសង់កម្ពស់ជាង៣ម៉ែត្រ ទំនងរអិលជើងធ្លាក់ទៅក្រោមបណ្ដាលឱ្យ បោកក្បាលស្លាប់ដោយគ្មាននរណាដឹង។

ព្រឹកឡើងបន្ទាប់ពីមានមនុស្សស្លាប់ សមត្ថកិច្ចជំនាញបច្ចេកទេសផ្នែកកោសល្យវិច័យ រាជធានីភ្នំពេញបានចុះពិនិត្យសាកសពនិងបានបញ្ជាក់ថា ជនរងគ្រោះពិតជាធ្លាក់ ពីលើកាំជណ្តើរស្លាប់ពិតមែន៕ដោយ៖វិចិត្រ