សន្ដិសុខសង្គម

បញ្ជូនស្ត្រីម្នាក់សង្ស័យបន្លំលួចមាសក្នុងផ្សារឆ្នាំងទៅតុលាការ

កំពង់ឆ្នាំង៖នគរបាលជំនាញក្រុងកំពង់ឆ្នាំង បានបញ្ជូនស្ត្រីម្នាក់ករណីបន្លំលួចមាសក្នុងផ្សារ ទៅតុលាការ ក្រោយពលរដ្ឋចាប់បានរួចនាំខ្លួនឱ្យសមត្ថកិច្ច។

មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីត្រូវចាប់ខ្លួនឈ្មោះ ហម ឌី អាយុ៥៥ ឆ្នាំ នៅភូមិដើមជ្រៃ ស្រុកមុខកំពូល ខេត្តកណ្ដាល។ជនសង្ស័យបានបន្លំលួចមាសនៅផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា។ មន្ត្រីដដែលបានបន្តថា មុនកើតហេតុ ស្រី្តខាងលើបានទៅដូរលុយចំនួន១០០ដុល្លារពីម្ចាស់តូបឈ្មោះ ប៊ូ ផល្លា អាយុ ៤៨ឆ្នាំ នៅភូមិផ្សារឆ្នាំង។

ពេលដូរលុយរួចហើយគេក៏ធ្វើជាសុំទិញមាសចំនួន២ហ៊ុន។ខណៈម្ចាស់តូបងាកក្រោយ មួយភ្លែតមើលកូនយំ ស្រាប់តែស្ត្រីរូបនោះបន្លំលួចខ្សែកមាសមួយខ្សែ តែត្រូវម្ចាស់តូប ដឹងទាន់ក៏ចាប់ឱ្យនគរបាលតែម្តង។សមត្ថកិច្ចខេត្តបានសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការនៅថ្ងៃទី២៨ ខែវិច្ឆិការនេះ៕ដោយ៖វិចិត្រ