បច្ចេកវិទ្យា

ចិននឹងបាញ់បង្ហោះរ៉ុក្កែតជាមួយអវកាសយានិក៣នាក់ទៅកាន់ទីលំហនៅថ្ងៃអង្គារស្អែកនេះ

មិនចាញ់អង្គការណាសាអាម៉េរិកប៉ុន្មាននោះទេ ប្រទេសចិនឯណេះវិញនឹងបាញ់បង្ហោះ យាន អវកាសថ្មីជាមួយអវកាសយានិកកំពូល៣រូបទៅកាន់គន្លងទីលំហនៅថ្ងៃស្អែកនេះ ក្នុងការបំពេញបេសកកម្មវិទ្យាសាស្រ្ត។

យោងតាមការប្រកាសរបស់ទីភ្នាក់ងារអវកាសចិន (CMSA) នៅថ្ងៃចន្ទ បានឲ្យដឹងពីគម្រោងបាញ់បង្ហោះរ៉ុក្កែត Long March-2F ផ្ទុកអវកាសយានិក៣នាក់ថ្មី ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១១ និង០៨នាទីយប់ម៉ោងក្នុងទីក្រុងប៉េកាំង ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ស្ថិតនៅភាគពាយព្យនៃប្រទេសចិន។ បេសកកម្មលើកនេះ ចិនបានត្រៀមបញ្ជូនអវកាសយានិកចំនួន៣រូប រួមមានលោក Fei Junlong, លោក Deng Qingming និងលោក Zhang Lu ក្នុងការងារបំពេញបេសកកម្មហោះហើរអវកាស នៃយានShenzhou-15។

បើតាមលោក Ji Qiming ជាជំនួយការរបស់ទីភ្នាក់ងារចិនបានឲ្យដឹងបន្តទៀតថា ក្រោយហោះទៅភ្ជាប់នឹងម៉ូឌុលនៃស្ថានីយចិនTianhe ដោយជោគជ័យ ពួកគេនឹងត្រូវបំពេញការងារវិទ្យាសាស្រ្ត ការរុករក និងស្រាវជ្រាវ រស់នៅទីនោះរយៈពេល៦ខែ មុននឹងត្រឡប់មកផែនដីវិញនៅខែឧសភាឆ្នាំក្រោយ។

ក្រៅពីដំណឹងនេះ ចិនក៏បានលួចបង្ហើបប្រាប់ផងដែរថា ចិនក៏មានផែនការបញ្ចប់ការ ស្រាវជ្រាវបច្ចេកវិទ្យាសំខាន់ៗនៃគម្រោងរុករកឋានព្រះចន្ទ ជាអ្វីដែលអង្គការណាសា សហរដ្ឋអាម៉េរិកបានធ្វើនាពេលថ្មីៗនេះ៕

ប្រភព៖  XINHUA.NET

ប្រភពរូប៖ XINHUA.NET
ប្រែសម្រួល៖សុខ តុលា