កីឡា

គ្រូបង្វឹកកូរ៉េខាងត្បូង រំពឹងមានភាពខុសប្លែកពី Son ក្នុងជំនួបជាមួយហ្គាណា

គ្រូបង្វឹករបស់​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូងលោក Paulo Bento បាននិយាយថា ក្រុមនឹងឃើញភាព​ខុស​ប្លែក​របស់​កីឡាករ Son Heung-min  ក្នុង​ជំនួបនឹងក្រុមហ្គាណា នៅថ្ងៃចន្ទនេះ បន្ទាប់ពីខ្សែប្រយុទ្ធរូប​នេះ បានប្រើរបាំងការពារមុខ អំឡុងការប្រកួតបើកឆាក ក្នុង​ព្រឹត្តិការណ៍ World Cup របស់ពួកគេ។

កីឡាករ Son បានពាក់របាំងការពារមុខ ពេលក្រុមរបស់គេ ស្មើ ០-០ ជាមួយ​ក្រុមអ៊ុយរូហ្គាយក្នុងហ្គេម នៅពូល H បន្ទាប់ពីធ្វើ​ការវះកាត់ ដើម្បីព្យាបាល​ឆ្អឹងបាក់ជុំវិញរង្វង់ភ្នែកខាងឆ្វេងរបស់គេ ដែលកើត​ឡើង​ កាលពីដើមខែនេះ អំឡុង​ពេល​លេងឱ្យក្រុម Tottenham។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Bento បាននិយាយថា គាត់មិនបារម្ភអំពីកង្វះខាតក្រុម ក្នុងការប្រកួតដំបូង នៅមុនហ្គេមទី២ របស់ពួកគេ នៅប្រទេសកាតានេះទេ។

គាត់បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «វាជារឿងធម្មតាទាំងស្រុងក្នុងការប្រឈមមុខនឹងបញ្ហាមួយចំនួន អំឡុងការប្រកួតដំបូង។​ Son មាន​ការ​បារម្ភ។ ររូបគេ​​​ទើបមាន​របួស ហើយ​ក៏​ត្រូវ​សម្រប​ខ្លួន​ដែរ ដោយ​ព្យាយាម​ធ្វើ​ឱ្យ​សម​នឹង​របាំង​ការ​ពារ​​មុខ»។

«​ជា​ដំបូង រូប​គេ​​ត្រូវ​មាន​អារម្មណ៍​ស្រួលធម្មតា​​ជាមួយ​មិត្ត​រួម​ក្រុម​របស់​គេ ហើយ​បន្ទាប់​មក​ជាមួយ​គូ​ប្រកួត​។​ ការ​ប្រកួត​ទី​២ ​នឹង​មាន​ភាព​ខុស​ប្លែក​គ្នា​ជាមិន​ខាន។ រូបគេ​អាចលេងបានពេញ ៩០នាទី ហើយក្នុងនាមជាក្រុម យើងត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យ​យើងអាចទាញយកអត្ថប្រយោជន៍ពីទេពកោសល្យ​របស់គេបាន»។ លោក Beto បាន​បន្ថែម។

សម្រាប់​ពូល H នេះ ក្រុមព័រទុយហ្គាល់ ឈរ​លើ​គេ ក្នុង​ពូល ដោយមាន ៣ពិន្ទុ ខណៈ​ក្រុមកូរ៉េខាងត្បូង និង​អ៊ុយរូហ្គាយ មាន ១ពិន្ទុ​ដូចគ្នា ហើយ​ក្រុម​ហ្គាណា នៅបាតពូល មានសូន្យ​ពិន្ទុ​៕