សន្ដិសុខសង្គម

កំពុងស្រាវជ្រាវចាប់ជនល្មើសចងដៃជើងក្មេងស្រីរួចរំលោភឱ្យមានរបួស

កណ្ដាល៖កម្លាំងនគរបាលស្រុកនិងខេត្ត កំពុងស្រាវជ្រាវស្វែងរកចាប់ជនល្មើស​ករណីចងដៃជើង ច្របាច់កក្មេងស្រីរួចរំលោភសេពសន្ថវៈ ហើយរត់គេចខ្លួនបាត់។ករណីនេះបានកើតឡើងនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំ ជាសិស្ស។ចំណែកជនសង្ស័យឈ្មោះ តែម ប៊ុនហេង អាយុ១៩ឆ្នាំ។

មន្ត្រីដដែលបានបន្តថា ក្មេងរងគ្រោះបានស្នាក់នៅជាមួយជីដូនអាយុ៥៩ឆ្នាំ រហូតដល់សព្វថ្ងៃនេះ​រយៈពេល៩ឆ្នាំមកហើយ ដោយឪពុកម្តាយទៅស្នាក់នៅ​រាជធានីភ្នំពេញធ្វើកម្មកររោងចក្រ។

មកដល់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកានេះ ក្មេងរងគ្រោះបានឡើងទៅ​ដេកនៅលើផ្ទះជាមួយបងប្អូន។រីឯជីដូនដេកនៅលើគ្រែក្រោមផ្ទះជាមួយចៅផ្សេងទៀត។ស្រាប់តែឮក្មេងរងគ្រោះស្រែកយំ ហើយប្រាប់ថា “ខ្ញុំនោមមិនកើតទេឈឺផ្សា​ប្រដាប់ភេទ​ខ្លាំងណាស់”។ បន្ទាប់មកក៏ប្រាប់ទៀតថា “ពូហេងច្របាច់កនិងចងដៃហើយរំលោភខ្ញុំ”។

ពេលនោះជីដូនបានពិនិត្យឃើញមានឈាមយ៉ាងខ្លាំងក៏បញ្ជូនទៅមន្ទីរពេទ្យ។លុះព្រឹកឡើងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី។ករណីនេះកម្លាំងជំនាញកំពុងតែស្រាវជ្រាវរកចាប់ជនល្មើសយកមកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ