អន្តរជាតិ

អាម៉េរិក, កូរ៉េខាងត្បូងនិងបារាំង បញ្ជូនម៉ាស៊ីនភ្លើង ២០០គ្រឿងទៅអ៊ុយក្រែន

សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងបារាំង បានប្រកាសបញ្ជូនម៉ាស៊ីនភ្លើងថ្មីសរុប ២០០គ្រឿងទៅអ៊ុយក្រែន ដើម្បីរួមគ្នាជួយឆ្លើយតបនឹងបញ្ហាអាកាសធាតុ។

យោងតាមបណ្តាញភ្នាក់ងារសារព័ត៌មាន AFPបានឲ្យដឹងថា ការប្រកាសផ្តល់ជូន បានធ្វើឡើងនៅចុងសប្តាហ៍នេះ ខណៈម៉ាស៊ីនភ្លើងសរុបមានចំនួន ២០០គ្រឿងមកពី សហរដ្ឋអាម៉េរិក កូរ៉េខងត្បូង និងបារាំង។ ក្នុងនោះអាម៉េរិកបានផ្តល់ជូន ៨០គ្រឿងថ្មីបន្ថែម ប្រកាសតាមរយៈទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ (USAID) ដែលធ្វើឲ្យចំនួនសរុបទាំងចាស់ និងថ្មីកើនឡើងជាង១.០០០គ្រឿង កូរ៉េខាងត្បូងផ្តល់ជូន ២០គ្រឿង ដែលសុទ្ធតែជាម៉ាស៊ីនភ្លើងធំមានសមត្ថភាពផ្ទុកពី ៤៥០-៥០០kW រួមមានទាំង ម៉ាស៊ីនភ្លើងប្រភេទ DOOSAN DX17Z ចំនួន ៥ គ្រឿងផងដែរតាមរយៈជំនួយមនុស្សធម៌ និងក្រៅពីនេះ ១០០គ្រឿងទៀតប្រទេសបារាំងជាអ្នករ៉ាប់រងម្នាក់ឯង។ រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna បានសរសេរសារនៅថ្ងៃទី ២៥ ខែវិច្ឆិកាថា “ដើម្បីជួយប្រជាជនអ៊ុយក្រែនឱ្យរស់រានមានជីវិត ប្រទេសបារាំងកំពុងបញ្ជូន ម៉ាស៊ីនភ្លើងដែលមានថាមពលខ្ពស់ចំនួន ១០០ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលរុស្ស៊ីចង់ប្រែក្លាយរដូវរងាទៅជាអាវុធនៃសង្គ្រាម”។

មិនត្រឹមអាម៉េរិក បារាំង កូរ៉េខាងត្បូងទេ តែក៏រួមមានបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ដូចជាឡាតវីក្តី សុទ្ធតែបានទិញម៉ាស៊ីនភ្លើងដើម្បីបញ្ជូនទៅអ៊ុយក្រែនទប់ទល់នឹង អាកាសធាតុត្រជាក់៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា