កីឡា

ម្ចាស់ផ្ទះកាតា ធ្លាក់ពី World Cup ខណៈអង់គ្លេសត្រូវរង់ចាំ

ក្រុម​ម្ចាស់ផ្ទះកាតា បានធ្លាក់ចេញពីការប្រកួតប្រជែង ក្នុង​ព្រឹត្តិការណ៍ World Cup 2022 ហើយ កាលពីថ្ងៃសុក្រ បន្ទាប់ពីរង​បរាជ័យ ២លើក​ជាប់ៗគ្នា ខណៈ​ដែលក្រុមតោកំណាចអង់គ្លេស បានបាត់បង់ឱកាស ក្នុងការដណ្ដើម​សិទ្ធិទៅវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីលេងស្មើ ០-០ ជាមួយក្រុម​អាមេរិក។

ក្រុម​ជម្រើស​ជាតិ​កាតា បានប្រកួត​ចាញ់ក្រុមសេណេហ្គាល់ ៣-១ ហើយបានក្លាយជាក្រុមដំបូងគេ ដែលត្រូវ​ហាល​អាវ (ធ្លាក់) នៅ World Cup នេះ បន្ទាប់ពីការ​ប្រកួត ក្នុង​ពូល A ជាមួយ​គ្នា រវាង​ក្រុម​ហូឡង់ និងអេក្វាទ័រ ស្មើគ្នា ១-១។

ក្រុម​កាតា ដែល​ជា​ម្ចាស់ជើងឯកទ្វីប​អាស៊ី មានសង្ឃឹមខ្ពស់សម្រាប់ការប្រកួត​ប្រជែង​នេះ ប៉ុន្តែក្លាយជាក្រុមម្ចាស់ផ្ទះទី២ ដែលត្រូវ​បញ្ចប់​ដំណើរ​ត្រឹម​វគ្គចែកពូលបន្ទាប់ពីក្រុមជម្រើសជាតិ​អាហ្វ្រិកខាងត្បូង កាល​ពី​ឆ្នាំ២០១០។ គ្រាប់បាល់ពី​កីឡាករ Boulaye Dia, Famara Diedhiou និង Bamba Dieng គឺគ្រប់គ្រាន់ផ្តល់​ជ័យជម្នះ​ឱ្យ​ក្រុ​មសេណេហ្គាល់ ដែល​ជា​​ជើងឯករបស់​ទ្វីប​អាហ្រ្វិក។

កីឡាករ Mohammed Muntari បានស៊ុតបញ្ចូលទីគ្រាប់បាល់តែ១គ្រាប់​គត់ឱ្យ​កាតា នៅ World Cup រហូតមកដល់ពេលនេះ ក្នុង​ការបង្ហាញ​ខ្លួន​លើក​ដំបូងជាមួយ​នឹង​​ខកចិត្តយ៉ាង​ធំធេង នៅលើឆាកប្រកួត​ប្រជែងដ៏​ធំ​បំផុត​របស់​​កីឡាបាល់ទាត់ ដោយ​វាគឺជាលើកទី១ ហើយ ដែលប្រទេសម្ចាស់ផ្ទះរៀប​ចំ World Cup បានធ្លាក់ចេញ បន្ទាប់ពី ២ហ្គេម។

នៅ​ពូល A នេះ ក្រុម​ហូឡង់របស់លោក Louis van Gaal ដែលមាន ៤ពិន្ទុ នឹងឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយជាមួយនឹងលទ្ធផលស្មើជាមួយក្រុមកាតា ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។ ដោយ​ឡែក​ក្រុម​សេណេហ្គាល់ ត្រូវតែយកឈ្នះក្រុម​អេក្វាទ័រ ដើម្បីបាន​ធ្វើ​ដំណើរ​ទៅ​វគ្គបន្ត។

បន្ទាប់ពីយកឈ្នះអ៊ីរ៉ង់យ៉ាង​ចាស់​ដៃ ៦-២ ក្នុងការប្រកួតបើកឆាករបស់ពួកគេ ក្រុមអង់គ្លេស ដែលមាន​ទម្រង់​លេង​​សោះកក្រោះ បាន​ភ្លាត់ស្នៀតស្មើ​ជាមួយ​ក្រុមអាមេរិក ហើយត្រូវបានស្រែកហ៊ោចំអក​ នៅពេល​ចប់​ម៉ោងនៃ​ការប្រកួត​។

ក្រុម​របស់លោក Gareth Southgate នឹងត្រូវធានា ក្នុង​ការ​បាន​ឡើង​ទៅវគ្គបន្តពីពូល B របស់​ខ្លួន ជាមួយនឹងជ័យជម្នះ ប៉ុន្តែក្នុង​ហ្គេម​នេះ ក្រុម​យក្ស​ទៅ​ពី​អឺរ៉ុប​មួយ​នេះ សឹង​តែ​មិន​បាន​បង្កបញ្ហាអ្វី​ដល់ក្រុមអាមេរិក ដែលលេង​ដោយ​មានការប្តេជ្ញាចិត្តយ៉ាង​ខ្លាំង​។

ក្រុមអង់គ្លេស​ត្រូវតែ​ចៀសឱ្យ​ផុត​ពី​ការ​ចាញ់​ក្រុម​ជិតខាង​វេលស៍ ​ក្នុង​លទ្ធផល ៤គ្រាប់ នៅ​ថ្ងៃ​អង្គារ ​ដើម្បីអាច​​ទៅ​វគ្គ​បន្ត ហើយ​ដឹង​ច្បាស់​ថា​ ជ័យជម្នះ​នឹង​បញ្ជូន​ពួកគេទៅ​វគ្គ ១៦ក្រុម ក្នុង​នាម​ជា​ប្រធាន​ពូល​។

សម្រាប់​ក្រុម​អ៊ីរ៉ង់ ២គ្រាប់ នៅ​ក្នុង​ម៉ោង​បន្ថែម​មាន​របួស​ បាន​ជួយ​ឱ្យ​ឈ្នះក្រុមវេលស៍ ២-០ ដោយ​ជ័យ​ជម្នះ​នេះ មិន​ត្រឹម​តែ​ស្ដារ​កម្លាំងចិត្ត​ពី​បរាជ័យ​យ៉ាង​អាម៉ាស់ ក្នុង​ហ្គេម​បើកឆាក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងជួយ​ផ្ដល់​ក្ដី​សង្ឃឹម ក្នុង​ការ​បាន​ឆ្លង​ទៅ​វគ្គ​បន្ទាប់​ទៀតផង ខណៈ​ដែល​ពួកគេធ្វើ​យុទ្ធនាការ​ នៅ​ World Cup នេះ ជាមួយ​នឹង​ការ​គ្រប​ដណ្ដប់​នៃ​ការតវ៉ាយ៉ាង​ធំប្រឆាំងនឹង​រដ្ឋាភិបាល នៅ​ក្នុងប្រទេសរបស់​ខ្លួន៕