អន្តរជាតិ

ពូទីនប្រាប់ម្តាយទាហានថា៖ “ចូរកុំជឿព័ត៌មានក្លែងក្លាយតាមអ៊ីនធើណេត កុហកច្រើនណាស់”

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន បានកោះប្រជុំជាមួយក្រុមស្ត្រីជាម្តាយរបស់ទាហាន ដោយនិយាយថា ចូរកុំជឿព័ត៌មានក្លែងក្លាយបោកបញ្ឆោតតាមអ៊ីនធើណេត ព្រោះវាកុហក​ច្រើនណាស់។

នៅក្នុងសុន្ទរកថាផ្លូវការនៃជំនួបជាមួយអាណាព្យាបាល, ម្តាយៗរបស់ទាហាន លោកពូទីន​ពិតជាលើកឡើងដូច្នេះមែន ក្នុងគោលបំណងដើម្បីរម្ងាប់ចិត្តម្តាយផ្សេងទៀត​នៅក្នុង​ប្រទេសរុស្ស៊ី ខណៈខ្លះបានបាត់បង់កូនជាទីស្រឡាញ់របស់ខ្លួនក្នុងប្រតិបត្តិការយោធា​នៅអ៊ុយក្រែន។ តាមការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោកពូទីនបាននិយាយថា “ខ្ញុំចង់ឱ្យអ្នកដឹងថាខ្ញុំផ្ទាល់ និងថ្នាក់ដឹកនាំប្រទេសទាំងមូល – ពួកយើងក៏មានការឈឺចាប់​ដូចអ្នកដែរ”។ “យើងយល់ និងដឹងថាគ្មានអ្វីធំជាងការដែលបាត់បង់កូនប្រុស​ជាទីស្រឡាញ់​នោះទេ ពិសេសសម្រាប់ម្តាយគ្រប់រូប”។ លោកពូទីនបានបន្តទៀតថា “សព្វថ្ងៃនេះ ព័ត៌មាននៅលើអ៊ីនធើណេត អ្វីដែលអ្នកបានឃើញ គឺ  សម្បូរទៅដោយការកុហកបញ្ឆោត បោកប្រាស់ ចូរកុំជឿនឹងពាក្យចចាមអារ៉ាមទាំងនោះ”។ “យើងត្រូវតែសម្រេចឲ្យ​បាននូវគោលដៅរបស់យើង ឲ្យដល់ទីបញ្ចប់ លោកគ្មានការសោកស្តាយទេ​ក្នុងការបើក​ប្រតិបត្តិការនៅអ៊ុយក្រែន នេះជាយុទ្ធសាស្រ្តរបស់ រុស្ស៊ី”។

យ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើស្រ្តីជាម្តាយទាំងនោះពិតជាមានអារម្មណ៍​មិនខឹងនឹងពូទីន។ យោងតាមប្រភពកាសែតឯករាជ្យរបស់រុស្ស៊ី ស្រ្តីខ្លះគឺជាអ្នក​ជ្រុលនិយមគាំទ្រវិមានក្រឹមឡាំងរួចស្រេចទៅហើយ តែក៏មានខ្លះទៀតដែលមានគំនុំ ខឹង ស្អប់លោកប្រធានពូទីន។ លើសពីនេះទៅទៀត ក្រោយបានបញ្ចប់ជំនួប ប្រភពដដែល​បានរាយការណ៍ថា មន្រ្តីរុស្ស៊ីបានបដិសេធមិនព្រមជួបម្តាយដែលចង់​បញ្ចេញមតិរិះគន់ និងកំហឹងនោះទេ៕

ប្រភព៖  Dailymail

ប្រភពរូប៖Dailymail
ប្រែសម្រួល៖សុខ តុលា