អន្តរជាតិ

ចក្រភពអង់គ្លេសសន្យានឹងផ្តល់ជំនួយថ្មីជិត​ ១០លានដុល្លារដល់អ៊ុយក្រែន

ដោយឡែកចំពោះចក្រភពអង់គ្លេសវិញ នៅចុងសប្តាហ៍នេះបានសន្យាថានឹងផ្តល់ជំនួយ​ថវិកាសរុបជិត១០លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន សម្រាប់ការជួសជុលថាមពល និងគ្រាប់ធញ្ញជាតិ។

សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេសបាននិយាយថា លោក James Cleverly រដ្ឋមន្រ្តីអង់គ្លេសបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ជួបជាមួយ​ប្រធានាធិបតី Zelenskyy និងរដ្ឋមន្ត្រីការបរទេស Dmytro Kuleba ។ ក្នុងដំណើរនោះ Cleverly បានប្រកាសពីការប្តេជ្ញាចិត្តថ្មីផ្តល់ជំនួយថ្មីដល់អ៊ុយក្រែន។  ជំនួយដែលត្រូវបាន​កំណត់គឺ ៣ លានផោន (៣,៦ លានដុល្លារ) ដើម្បីជួយកសាង​ឡើងវិញនូវហេដ្ឋា​រចនាសម្ព័ន្ធសំខាន់ៗ និង ៥ លានផោន (៦ លានដុល្លារ) ផ្សេងទៀតសម្រាប់គំនិតផ្តួចផ្តើម​ដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ប្រទេសនានាដែលកំពុងមានហានិភ័យនៃភាពអត់ឃ្លាន។

សេចក្តីថ្លែងការណ៍បាននិយាយថា “ការគាំទ្ររបស់យើងនឹងបន្តដរាបណាអ៊ុយក្រែនត្រូវការ​ដើម្បីអាចឲ្យប្រទេសនេះងើបឡើងវិញ”។ Cleverly ក៏បានថ្កោលទោសរុស្ស៊ីចំពោះ “ការវាយ​ប្រហារយ៉ាងព្រៃផ្សៃ” លើជនស៊ីវិល មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធថាមពលផងដែរ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា