កីឡា

កីឡាករជប៉ុននិយាយថា យើងរីករាយនឹងជ័យជម្នះ តែមិនត្រូវភ្លេចខ្លួនទេ

ការទទួលជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ពួកគេលើក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ២-១ ពិតណាស់​បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុង​ពិភពបាល់ទាត់ ប៉ុន្តែ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន កំពុង​ប្រកែក​ថា វាអាច​ជា​ការ​សរសើរ​ហួស​ហេតុ​ពេក​ ដោយ​និយាយ​ទៅកាន់អ្នក​សារព័ត៌មាន CNA បន្ទាប់ពីការហ្វឹកហ្វឺន កាលពីថ្ងៃសុក្រ កីឡាកររបស់​ក្រុម​សាម៉ូរ៉ៃ ជាច្រើនរូប បានរំឭក​ឡើងវិញថា ការ​ងារ គឺ​នៅ​ឆ្ងាយ​ពីជោគជ័យ​ណាស់។

ក្រុមជប៉ុន នឹងត្រូវជួបជាមួយកក្រុមកូស្តារីកា នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ហើយជ័យជម្នះ រួមជាមួយនឹង​លទ្ធផល​​ ​ក្រៅ​តែពី​ការ​ឈ្នះ​របស់ក្រុមអាល្លឺម៉ង់លើ​អេស្ប៉ាញនោះ អាចធ្វើឱ្យក្រុមរបស់លោក Hajime Moriyasu បន្ត​ដំណើរ​ទៅវគ្គ ១៦ក្រុមចុងក្រោយជាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

«ពួក​យើង​ពិត​ជា​មាន​អារម្មណ៍វិជ្ជមានមែន ប៉ុន្តែយើងមិនទាន់បានធូរស្រាលទាំងស្រុងនោះទេ។ ដោយសារតែយើងនៅតែមិនមានអ្វីទាំងអស់ យើងនៅតែមិន​ទាន់បាន​ឆ្លង​ទៅវគ្គ​បន្ត​នោះទេ»។ នេះ​ជា​សម្ដី​របស់​អ្នកចាំទី Daniel Schmidt។

ចំណែក​ឯ​ខ្សែការពារ Ko Itakura បានបន្ថែមថា៖ «ពិតណាស់យើងមានអារម្មណ៍ល្អ។ ខ្ញុំក៏មានអារម្មណ៍ល្អដែរ ព្រោះយើងបានឈ្នះអាល្លឺម៉ង់។ ខ្ញុំបានដឹងថា អាល្លឺម៉ង់មានគុណភាពខ្ពស់ណាស់ (ដោយមាន) កីឡាករល្អ។ ប៉ុន្តែយើងសម្រេច​បាន​ ហើយខ្ញុំជឿជាក់លើខ្លួនឯង»។

កីឡាករ​ទាំង​អស់ ក៏បានសង្កត់ធ្ងន់ថា ពេលនេះពួកគេកំពុងសម្លឹងឆ្ពោះទៅការប្រកួតទល់​នឹង​ក្រុម​កូស្តារីកា ជាជាងការ​ជ្រើម​ជ្រួល​នឹង​ជ័យជម្នះ​លើ​ក្រុមអាល្លឺម៉ង់។

«​យើង​រីក​រាយ តែ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ហ្គេម​បន្ទាប់ ទល់​នឹង​ក្រុម​កូស្តារីកា។ ការ​លេង​ទល់​នឹង​ក្រុម​កូស្តារីកា គឺ​ជា​ការ​ប្រកួត​ដ៏​ពិបាក​មួយ​»​។ នេះ​ជា​ការបន្ថែម​របស់​កីឡាករ Itakura ដែល​ចូល​រួម​ជាមួយ​ក្រុម Borussia Monchengladbach នៅ​ក្របខ័ណ្ឌ Bundesliga ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្ដៅ​។

ក្រុមកូស្តារីកា ត្រូវ​បាន​ក្រុម​អេស្ប៉ាញ​លត់​ ៧-០ ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ ហើយ​បច្ចុប្បន្ន​កំពុងឈរ​ក្រោម​គេ ក្នុង​​ពូល E។ ក្រុមជប៉ុន​ស្ថិត​នៅ​លេខ ២​ ដោយ​​ក្រុម នៅ​លើ​គេ​ទាំង ២ ក្នុង​ពូល នឹង​បាន​​ឡើង​ទៅ​ជុំ​បន្ទាប់។

ក្រុម​ជប៉ុន​មិន​ធ្លាប់​ចាញ់ក្រុម​​កូស្តារីកានោះ​ទេ ក្នុង​ការជួប​គ្នា​កន្លងមក ហើយ​ឈរ​នៅ​លេខ​រៀង​ទី ២៤ ក្នុង​តារាង​ចំណាត់​ថ្នាក់របស់​ FIFA (សហព័ន្ធបាល់​ទាត់អន្តរជាតិ) ពោល​គឺ​មាន​គម្លាត ៧លេខ ពីលើ​ក្រុម​គូប្រជែង​៕