អន្តរជាតិ

អ៊ុយក្រែន៖ ការចំណាយលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធកើនលើស ១០០ពាន់លានដុល្លារ

អ៊ុយក្រែនវាយតម្លៃជាថ្មីលើការចំណាយថ្លៃខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានវាយ ប្រហារបំផ្លាញដោយរុស្ស៊ីកើនឡើងបន្ថែមទៀតលើសពី ១០០ពាន់លានដុល្លារ។

យោងតាមសារព័ត៌មានរ៉យទ័រ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko បានបញ្ជាក់ជាថ្មីនៅចុងសប្តាហ៍នេះថា ការចំណាយថ្លៃខូចខាតត្រូវបានផ្លាស់ប្តូរ​យ៉ាងរហ័សបន្ថែមទៀត ខណៈកាលពីខែសីហា ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ការចំណាយគឺស្ថិតក្នុងរង្វង់១០៥ពាន់លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​របស់អ៊ុយក្រែន។  Marchenko បាននិយាយនៅក្នុងមតិយោបល់តាមអ៊ីមែលថា “ជាអកុសល ចំនួននេះបានកើនឡើងជារៀងរាល់ថ្ងៃ ហើយនឹងកើនឡើងលឿនបំផុត​នៅក្នុងករណីមានការវាយប្រហារអាក្រក់ខ្លាំងពីរុស្ស៊ីបន្ថែមទៀត”។ រដ្ឋមន្រ្តីរូបនេះ​បានបន្តថា បើលោកខាងលិចបន្តការគាំទ្រឲ្យអ៊ុយក្រែន ក្នុងមួយខែចាប់ពី ៣ទៅ ៣,៥ពាន់លានដុល្លារនោះ វាគួរតែគ្រប់គ្រាន់សម្រាប់ការចំណាយ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់អឺរ៉ុបមួយចំនួនបានប៉ាន់ប្រមាណ​កាលពីថ្ងៃ​ព្រហស្បតិ៍ថា វាទំនងជានឹងត្រូវចំណាយប្រាក់ច្រើនជាងមួយពាន់ពាន់លានអឺរ៉ូ ដើម្បី កសាងប្រទេសអ៊ុយក្រែនឡើងវិញ ខណៈសហភាពអឺរ៉ុបបានអនុម័តកញ្ចប់កម្ចីថ្មី ១៨,៧ពាន់លានដុល្លារបន្ថែម។ គួរកត់សម្គាល់ថា អ៊ុយក្រែនបានទទួលជំនួយហិរញ្ញប្បទាន​ពីបរទេសយ៉ាងច្រើនក្រាស់ក្រែល រួមទាំងកម្ចីឥតសំណង និងកម្ចីលក្ខខណ្ឌ ដែលរដ្ឋបាល​ត្រូវរ៉ាប់រ៉ងនូវការចំណាយផ្សេងៗទៅវិញ រាប់ចាប់តាំងពីប្រាក់បៀវត្សមន្រ្តី កងទ័ព ខណៈបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធថាមពលទូទាំងប្រទេសកំពុងជួបកង្វះខាតទៀតផងនោះ៕ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា