ព័ត៌មានជាតិ

ស្ពានបេតុងប្រាំបួនកន្លែងនៅស្រុកស្រីសន្ធរ ស្ថាបនាសម្រេចបាន៨០ភាគរយ

កំពង់ចាម៖ ស្ពានបេតុងចំនួនប្រាំបួនកន្លែងដែលជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តភ្ជាប់កំណាត់ផ្លូវមាត់ទន្លេ ចម្ងាយជាង ១៦ គីឡូម៉ែត្រ ក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ សាងសង់សម្រេចបានប្រមាណ ៨០ភាគរយ ។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរបានប្រាប់ឱ្យដឹងនៅដើមសប្តាហ៍នេះថា៖ ស្ពានទាំងនោះស្ថិតនៅក្នុងឃុំព្រែកដំបូងចំនួនបីកន្លែង, ឃុំស្វាយខ្សាច់ភ្នំចំនួនបីកន្លែង, ឃុំឫស្សីស្រុកចំនួនពីរកន្លែង និងឃុំព្រែករំដេងចំនួនមួយកន្លែង គឺសាងសង់សម្រេចបាន ប្រមាណ ៨០ ភាគរយហើយ។

លោកអភិបាលស្រុកស្រីសន្ធរបានបន្តថា៖ បើគ្មានអ្វីជាឧបសគ្គនោះទេ ស្ពានទាំងចំនួន ប្រាំបួនកន្លែងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងស្ថាបនាហើយរួចរាល់ជាស្ថាពរនៅ ដើមឆ្នាំ២០២៣ ខណៈស្ពានទាំងនេះបានចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០២២ កន្លងទៅ៕

ដោយ៖គង់ហេង