សេដ្ឋកិច្ច

ផ្សារ​ទំនើប​អ៊ី​អន​៣​គ្រោង​បើក​ដំណើរការ​នៅ​ខែធ្នូ

​ភ្នំពេញ​៖ គម្រោង​សាងសង់​ផ្សារ​ទំនើប AEON Mall 3 ដែល​ស្ថិតនៅលើ​មហាវិថី​សម្តេច​តេ​ជោ បានសម្រេច​វឌ្ឍនភាព នៃ​ការសាងសង់​យ៉ាង​ល្អប្រសើរ​តាម​ផែនការ និង​គ្រោង​នឹង​បើក​ដំណើរការ នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២២​នេះហើយ​។​គម្រោង​នេះ​នឹងត្រូវ​ចំណាយ​ថវិកា​​ជិត​៣០០​លាន​ដុល្លារ និង​សាងសង់​លើ​ផ្ទៃដី​ជាង​១៨​ហិកតា​។​

​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ធ្លាប់បាន​លើកឡើង​នាពេល​កន្លងមក​ថា​៖​គម្រោង AEON Mall 3 ជា​មជ្ឈមណ្ឌល​លក់ទំនិញ​ចម្រុះ មាន​ទំហំ​ផ្ទៃក្រឡា​លក់រាយ​សរុប​ចំនួន​១៧០.០០០​ម៉ែត្រការ៉េ និង​ជា​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត ក្នុងចំណោម​ផ្សារ​ទំនើប AEON ចំនួន​៣​ក្នុង​ប្រទេស​កម្ពុជា​និង​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​។ផ្សារ​ទំនើប​ថ្មី​នេះ​មាន​ចំណតរថយន្ត​ខាងក្រៅ​រាប់រយ ខណៈ​គម្រោង​នេះ បាន​ចំណាយ​ពេល​២៤​ខែ​ដើម្បី​បញ្ចប់​ការសាងសង់​។​

​គម្រោង​ផ្សារ​ទំនើប អ៊ី​អន ៣ នេះ​គ្រោង​ដាក់​ទីតាំង​តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន ចម្ងាយ​ប្រមាណ ៤,៥ គីឡូម៉ែត្រ​ពី​ស្ពាន​​អាកាស​ក្បាលថ្នល់​។ ទីតាំង​នេះ​ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា​៖​ផ្សារ​ទំនើប​អ៊ី​អន I នៅតាម​បណ្តោយ​វិថី​សុធារស បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ឆ្នាំ ២០១៤ ដោយមាន​ទុន​ចុះបញ្ជី ២០៥ លាន​ដុល្លារ មាន​ផ្ទៃក្រឡា ១០៨ ០០០ ម៉ែត្រការ៉េ​។ ផ្សារ​ទំនើប អ៊ី​អន II ត្រូវបាន​បើកសម្ពោធ​កាលពី​ខែ មិថុនា ឆ្នាំ ២០១៨ ដោយ​មាន​​ទុន​ចុះបញ្ជី​វិនិយោគ ១២០ លាន​ដុល្លារ និង​មាន​ក្រលា​ផ្ទៃ​អគារ​១៥១ ០០០ ម៉ែត្រការ៉េ​៕ដោយៈសិរីមតី