សន្ដិសុខសង្គម

ឃុំខ្លួនជនសង្ស័យប្រើគណនីហ្វេសប៊ុក គេចំនួន៣ពីបទឆបោក

ភ្នំពេញ៖អាវុធហត្ថលើផ្ទៃប្រទេសនិងភ្នំពេញ សហការចាប់ជនខិលខូចម្នាក់ដែលបានប្រើ គណនីហ្វេសប៊ុករបស់គេចំនួន៣ ពីបទឆបោកនិងបញ្ជូនទៅតុលាការឃុំខ្លួនបណ្តោះអាន្ន។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងជា សាធារណៈកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកាថា ជនខិលខូចបានប្រើប្រាស់គណនី ហ្វេសប៊ុក ឈ្មោះ Vin Vin- សុខចិត្រា និងPu Chet ដោយប្រើរូបថតរបស់យោធិននៃ កងរាជអាវុធហត្ថ ដោយសរសេរអត្ថបទឆបោកស្នើសុំលុយជាសាធារណៈ។

លោកបានបន្តថា បន្ទាប់មកកម្លាំងស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខនៃអាវុធហត្ថ លើផ្ទៃប្រទេសជាមួយអាវុធហត្ថភ្នំពេញ បានស្រាវជ្រាវនិងចាប់ជនសង្ស័យម្នាក់ឈ្មោះលឹម សិលា ភេទប្រុស អាយុ៣៣ឆ្នាំ រួចបានបញ្ជូនទៅតុលាការបន្តនីតិវិធី។

ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឱ្យឃុំខ្លួនពីបទឆបោកកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ៕ដោយ៖វិចិត្រ