សេដ្ឋកិច្ច

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េនឹងចូលជាធរមាន នៅ​ថ្ងៃទី​១ ធ្នូ

ភ្នំពេញ​៖ តាម​ការគ្រោងទុក នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (CKFTA) នឹង​ប្រកាស​ចូលជា​ធរមាន បន្ទាប់ពី​ទទួលបាន​ការឯកភាព ពី​ប្រមុខ​ដឹកនាំ និង​មន្ត្រី​ជំនាញ របស់​ប្រទេស​ទាំងពីរបាន​សហ​ការ និង​សិក្សា​រួមគ្នា លើ​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​នេះ កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មនៅក្នុង​ពិធី​បើក​សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី​ការដាក់ឱ្យ​អនុវត្ត​នូវ កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី កម្ពុជា​-​កូរ៉េ សម្រាប់​ការនាំចេញ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា បានមានប្រសាសន៍ថា៖ក្រុមការងារ​ចរចា នៃ​ប្រទេស​ទាំងពីរ បាន​ពុះពារ ដោយ​មិន​ខ្លាច​នឿយហត់ និង​បាន​បន្ត​ចរចា តាមរយៈ​ប្រព័ន្ធ​វីដេអូ សរុប​ចំនួន ១២ កិច្ចប្រជុំ មុននឹង​ឈានដល់​ការប្រកាស​បញ្ចប់ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ និង​ការចុះហត្ថលេខា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ ដោយ​លោក Yeo Han-koo រដ្ឋមន្ត្រី​ពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​កូរ៉េ និង​ខ្លួន​លោក​ផ្ទាល់ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​កម្ពុជា ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដំបូង​គេ​បង្អស់ ដែល​ធ្វើ​ការចរចា​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី ទ្វេភាគី​ជាមួយ ប្រទេស​អភិវឌ្ឍន៍ ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន និង​ការអភិវឌ្ឍ​ខ្លាំង ដូចជា​សាធារណរដ្ឋ​កូរ៉េ​។​

​លោក​រដ្ឋមន្ត្រី បានលើកឡើង​ទៀតថាៈ កិច្ចព្រមព្រៀង CKFTA នេះ នឹង​បំពេញបន្ថែម ទៅលើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ផ្សេងទៀត ដែលមាន​ស្រាប់​។ នៅក្រោម​កិច្ចព្រមព្រៀង CKFTA កម្ពុជា បាន​បើក​ទីផ្សារ ចំនួន ៨៩,០៩% នៃ​បន្ទាត់​ពន្ធគយ​សរុប ខណៈដែល​ភាគី កូរ៉េ បាន​បើក​ទីផ្សារចំនួន ៩៥,០៣% នៃ​បន្ទាត់​ពន្ធគយ​សរុប ដែល​ក្នុងនោះកម្ពុជានឹង​អាច​នាំចេញ​ទំនិញ ក្នុង​អត្រាពន្ធគយ​សូន្យ ភ្លាម​ៗ ​បន្ទាប់ពី​កិច្ចព្រមព្រៀង ចូល​ជា​ធរមាន នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២ចំនួន៩២,៣៧% នៃ​បន្ទាត់​ពន្ធគយ​សរុប​។ លោក​មាន​សុទិដ្ឋិ​និយម​ថាៈ កិច្ចព្រមព្រៀង​នេះ នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ បង្កើត​កាលានុវត្តភាព ក្នុង​វិស័យ​អេឡិចត្រូនិក និង​យានយន្ត ដែល​វិនិយោគិន​កូរ៉េ អាច​ពិចារណា​ប្រើប្រាស់ ទម្រង់​កម្ពុជា​បូក​១ ដោយ​វិនិយោគិន​កូរ៉េអាច​ពិនិត្យ​លទ្ធភាពក្នុងការ​ពង្រីក​ការវិនិយោគ​របស់​ខ្លួន ពី​ប្រទេសជិតខាង មក​វិនិយោគ​នៅ​កម្ពុជា ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា អាច​នឹង​ក្លាយជា​ជម្រើស ក្នុងការ​ផ្គត់ផ្គង់​គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​យានយន្ត ដើម្បី​បំពេញបន្ថែម ទៅ​ប្រទេសជិតខាង ដូចជា ថៃ និង​វៀតណាម ដែលមាន​ភាព​រីកចម្រើន លើ​វិស័យ​ទាំងពីរ​នេះ​។ ក្រៅពីនេះ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ជួយ​គាំទ្រនិង​ពង្រឹង​វិស័យ​ផ្សេងទៀត ផងដែរ ដូចជា កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម សម្លៀកបំពាក់ ស្បែក​ជើង ផលិតផល​ធ្វើដំណើរ ជាដើម​។​

​បន្ថែម​លើ​នេះ កិច្ចព្រមព្រៀង CKFTA នឹង​ពង្រឹង​បន្ថែម​លើ​ការធ្វើសមាហរណកម្ម ក្នុង​តំបន់ លើ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ របស់​ប្រទេស​ទាំងពីរ លើ​វិស័យ​ផ្សេងៗ​គ្នា ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍ ឱ្យ​គ្នា​ទៅវិញទៅមក ធ្វើឱ្យ​ប្រសើរឡើង ជីវភាព​រស់នៅ​របស់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​នឹងចូលរួម​ចំណែក​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បាន​ឆាប់រហ័ស​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​តាម​លោក Lee Hyuk-Sang លេខា​ទី​១ តំណាង​ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូត នៃ​សាធារណ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​ថាៈ កម្ពុជា​-​កូរ៉េ នឹង​អាច​ទទួលបាន​ផលប្រយោជន៍ ពីគ្នា​ទៅវិញទៅមក លើ​វិស័យ​សំខាន់ៗ ដូចជា ពាណិជ្ជកម្ម​ទំនិញ ពាណិជ្ជកម្ម​សេវាកម្ម វិនិយោគ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ជារួម កិច្ចព្រមព្រៀង​នេះ នឹង​ក្លាយជា​កាតាលីករ ក្នុង​ការជួយ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ន​យោ បាយ បន្ថែមទៀត ព្រមទាំង​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ និង​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង​បច្ចេកទេស និង​វិស័យ​ដទៃទៀត រវាង​ប្រទេស​ទាំងពីរ​៕ដោយៈផាវី