សេដ្ឋកិច្ច

ឧកញ៉ា ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​ថ្មី ជំរុញ​វិស័យ​ស្រូវ​អង្ករ​ឱ្យ​កាន់តែ​រីកចម្រើន

​ភ្នំពេញ​៖ ឧកញ៉ា ចាន់ សុ​ឃាំង ដែល​ទើប​ជាប់​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​អាណត្តិ​ទី​៤ បាន​ប្តេជ្ញាចិត្ត​លះបង់​ពេលវេលា ជំរុញ​វិស័យ​ស្រូវ​អង្ករ​ឱ្យ​កាន់តែ​រីកចម្រើន និង​ជំរុញ​ការនាំចេញ​អង្ករ​ឱ្យបាន​មួយ​លាន​តោន​នៅក្នុង​ឆ្នាំ​២០២៥​ខាងមុខនេះ​។​

​អគ្គនាយក​ក្រុមហ៊ុន Signature of Asia ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ រូបនេះ បាន​បន្ថែមថា​៖ ក្នុង​អាណត្តិ​របស់ លោក សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​ផ្តោតទៅលើ​ការងារ​៤​ចំណុច​ធំៗ​គឺ ដោះស្រាយ​បញ្ហា​ពូជស្រូវ​ឡើងវិញ ដើម្បី​ធ្វើឱ្យ​អង្ករ​មាន​ភាព​សុទ្ធ​ល្អ និង​មាន​គុណភាព​ដែល​ជំរុញ​ការនាំចេញ​ឱ្យមាន​និរន្ត​ភាព​សិក្សា​ពង្រីក​ទីផ្សារ​គោលដៅ​ដែល​បាន​កំណត់ទុក និង​លើកទឹកចិត្ត​ឱ្យមាន​សហគមន៍​មួយ រោង​ម៉ាស៊ីន​មួយ​នៅក្នុង​តំបន់​មួយ និង​បង្កើន​ឱ្យមាន​អភិបាលកិច្ច​ល្អ​នៅតាម​សហ​គន៍​។​

សូមជម្រាបថា​៖​នៅ​ថ្ងៃទី​២៣ខែវិច្ឆិកាឆ្នាំ​២០២២​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជារៀបចំ​កម្មវិធី​មហាសន្និបាតនិង​ការបោះឆ្នោត​ជ្រើសតាំង​ប្រធា​ន​និង​ក្រុមប្រឹក្សាភិបាល​សម្រាប់​អាណត្តិ​ទី​៤ នា​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ដោយ​ជ្រើស​បាន​សមាជិក​សហព័ន្ធ​ចំនួន​២៥​រូប ដែល​ក្នុងនោះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​មួយរូបគឺ​ឧកញ៉ា ចាន់ សុ​ឃាំង​និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ចំនួន​មួយរូបគឺ​ឧកញ៉ា សុង សារ៉ ន និង និង​សហគមន៍​ចំនួន​៣​រូប​ដែល​ជ្រើសតាំង​ដោយ​សហគមន៍​។​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​ក្រុមប្រឹក្សាភិបាលនិង​ប្រធាន​សហព័ន្ធ​ ស្រូវ​អង្ករ​សម្រាប់​អាណត្តិ​នីមួយៗ​ធ្វើឡើង​រយៈពេល​៣​ឆ្នាំ​ម្តង​៕ដោយៈសិរីមតី​