សេដ្ឋកិច្ច

រដ្ឋាភិបាល គ្រោង​នឹង​ចំណាយ​៨៨៥៣​លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២៣

​ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣(​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២៣) បង្ហាញថា នៅ​ឆ្នាំ​២០២៣ រាជ​រដ្ឋា​ភិបាលគ្រោង​នឹង​ចំណាយ​សរុប ៣៦ ៦០៣ ៦៩៨​លាន​រៀល ស្មើ​ប្រមាណ៨៨៥៣​លាន​ដុល្លារ​អាមេរិក​។រាជរដ្ឋាភិបាល ក៏បាន​កំណត់​​លើ​ការចំណាយ​ថវិកា​រដ្ឋបាល​រាជធានី​ខេត្ត សរុប​ចំនួន៣ ៤៣៦ ២៥០​លាន​រៀលស្មើ​ប្រមាណ ៨៣១​លាន​ដុល្លារ​។ ក្នុងចំណោម​រាជធានី​​ខេត្ត​ទាំង ២៥ គឺ​រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាល គ្រោង​ចំណាយ​ច្រើនជាងគេ រហូតដល់ ១៥៣០៤០៣,៦​លាន​រៀល ស្មើ​ប្រមាណ ៣៧០,១៦​លាន​ដុល្លារ​អាមេរិក​។​

​សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២៣ ដែល​រដ្ឋសភា គ្រោង​នឹង​ប្រជុំពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ បង្ហាញថា បន្ទាប់ពី​រាជធានី​ភ្នំពេញ គឺមាន​ខេត្ត ៣ ដែល​រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ច្រើនជាងគេ នៅ​ឆ្នាំ​២០២៣ រួមមាន​៖ ខេត្តកណ្តាល ២០៧ ២៦០,២​លាន​រៀល ស្មើ​ប្រមាណ ៥០,១៣​លាន​ដុល្លារ​។ ខេត្តសៀមរាប ១៣១ ០១៧,៦​លាន​រៀល ស្មើ​ប្រមាណ ៣១,៦៩​លាន​ដុល្លារ​។ ខេត្ត​ព្រះសីហនុ ១៣០ ៣០៥,៥​លាន​រៀល ស្មើ​ប្រមាណ ៣១,៥២​លាន​ដុល្លារ​។​

​សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២៣ ក៏បាន​បង្ហាញ​ពី​ការចំណាយ​នៅ​ក្រសួង ៣ ច្រើនជាងគេ គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន ៣ ៥៧៩ ៦៦៣,៦​លាន​រៀល​ស្មើ​ប្រមាណ ៨៦៥,៨២​លាន​ដុល្លារ​។ ក្រសួងការពារជាតិ ២ ៧៤៥ ៥៧៥​លាន​រៀល ស្មើ​ប្រមាណ ៦៦៤,០៨​លាន​ដុល្លារ​និង ក្រសួងសុខាភិបាល ២ ០៣៤ ៥៥២,៦​លាន​រៀល ស្មើ​ប្រមាណ ៤៩២,១០​លាន​រៀល​៕​ដោយៈសិរីមតី