សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ផ្តល់​អនុ​សាស្ត្រ​៧​ចំណុច ដើម្បី​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​កាន់​តែមាន​សក្តានុពល​

ភ្នំពេញ​៖៖ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជា​ប្រធាន​គណៈកម្មាធិការ​ គោលនយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​លើ​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដែលជា​វិស័យ​មួយ​ដ៏​សំខាន់ក្នុង​ការធានា​សន្តិសុខ​ស្បៀង​របស់​ជាតិការគាំទ្រ​ដល់​កំណើនសេដ្ឋកិច្ចនិង​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ។​

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០២២ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នា​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ លោក​បានផ្តល់​អនុ​សាស្ត្រ​ចំនួន​៧​ចំណុច ដល់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ទើបតែ​បោះឆ្នោត​ជ្រើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី នា​អាណត្តិ​ទី​៤​នេះ ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យអស់​សក្តានុពល ដែល​នឹង​រួមចំណែក​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាកសិករ​។​

​អនុ​សាស្ត្រ​ទាំង​៧​ចំណុច​នេះ​រួមមាន​៖

​ទី​១. ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​រយៈពេល ៥ ឆ្នាំ (២០២៣- ២០២៧) ក្នុងការ​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ តាមរយៈ​ការសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ជាពិសេស​បង្កើន​សមត្ថភាព​លើ​ការស្រាវជ្រាវ និង​ការវិភាគ​ទីផ្សារ​ស្រូវ​អង្ករ​ក្នុង​តំបន់ និង សកល ព្រមទាំង​ធ្វើការ​ចែករំលែក​ព័ត៌មាន​អំពី​ទីផ្សារ ប្រកបដោយ​តម្លាភាព ។​

​ទី​២. ត្រូវ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​តម្លាភាព យុត្តិធម៌ និង​ការគោរព​គ្នា​ទៅវិញទៅមក សំដៅ​បង្កើន​អំណាច​ចរចា (bargaining power) ជាមួយ​អ្នកបញ្ជា​ទិញ ពង្រឹង​ភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំចេញ​ផ្សេងទៀត និង ពិនិត្យ​លទ្ធភាព ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​កំណត់​ថ្លៃ​រួមមួយ ក្នុង​ក្របខណ្ឌ​សហព័ន្ធ​សម្រាប់​លក់​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ ។​

​ទី​៣. ត្រូវ​បន្ត​ផ្សព្វផ្សាយ​ម៉ាក​អង្ករ​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ និង ចាប់យក​កាលានុវត្តភាព ឱ្យអស់​សក្ដានុពល​ពី​ទីផ្សារ និង​ព​ន្លឿ​ន​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ ក្នុង​ក្របខណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុ​ជាមាន ជាអាទិ៍ៈ ក្របខណ្ឌ​នៃ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង កិច្ចព្រមព្រៀង​នៃ​ភាពជា​ដៃគូរ​សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) ។​

​ទី​៤. ត្រូវ​បន្ត​ចូលរួម​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ជំរុញ​ផលិតកម្ម​ពូជ​សុទ្ធ ដូចជា ស្រូវ​ក្រអូប និង ស្រូវ​ផ្ការំដួល ហើយ​ធ្វើការ​ផ្គត់ផ្គង់​ទៅ​កសិករ និង សហគមន៍​កសិកម្ម ក្នុង​កម្រិត​ថ្លៃ​សមរម្យ តាមរយៈ​យន្តការ​នៃ​ភាពជា​ដៃគូរ​រវាង​រដ្ឋ និង​ឯកជន ។​

​ទី​៥. ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​រោង​ម៉ាស៊ីនកិនស្រូវ ក្នុង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការកែច្នៃ​អង្ករ ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង ការរៀបចំ​ផែនការអាជីវកម្ម ព្រមទាំង​ពិនិត្យ​លទ្ធភាព​ក្នុង​ការច្របាច់បញ្ចូលគ្នា ឬ​សហការគ្នា ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​រវាង​រោង​ម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញ​តូចៗ សំដៅ​បង្កើន​ឧត្តមភាព​នៃ​សេដ្ឋកិច្ច​មាត្រដ្ឋាន (Economic of Scale) ។​

​ទី​៦. ត្រូវ​ពង្រឹង​ការសម្របសម្រួល​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា រវាង​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ​អង្ករ និង សហគមន៍​កសិកម្ម ព្រមទាំង​ជំរុញ​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ពិសេស​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ផ្តល់នូវ​ជំនួយ​បច្ចេកទេស និង ការផ្ទេរ​បច្ចេកវិទ្យា​សម្រាប់ ការ​អភិ​ឌ្ឍ​កសិដ្ឋាន​ខ្នាតតូច និង ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល បច្ចេកទេស​ថ្មីៗ និង​នវានុវត្តន៍​ផ្សេងៗ ក្នុងការ​សម្រប​ខ្លួន និង ពង្រឹង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ព្រមទាំង​បង្កើន​ផលិតភាព​បន្ថែម ។​

​ទី​៧. សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់ ត្រូវ​សហការ​ជិតស្និទ្ធ និង ខិតខំ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព ក្នុងការ​ធ្វើការ​ជាមួយ​ក្រុមការងារ​អចិន្ត្រៃយ៍​អន្តរ​ស្ថាប័ន ដែល​នឹងត្រូវ​បង្កើតឡើង​ក្នុងពេល​ឆាប់ៗ ដោយមាន​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ និង ក្រសួងពាណិជ្ជកម្ម ជា​សហប្រធាន និង មានការ​ចូលរួម​ពី​ធានា​គារ​អភិវឌ្ឍន៍ជនបទ និង កសិកម្ម អាជ្ញាធរ​ដែនដី និង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ធ្វើការ​ជាប្រចាំ​ក្នុងការ ជំរុញ​ការទិញ​ស្រូវ​ពី​ប្រជាកសិករ រក្សា​ស្ថិរភាព​ថ្លៃ​ស្រូវ និង គ្រប់គ្រង​សតិអារម្មណ៍​ប្រជាកសិករ នៅ​រាល់​រដូវ​ច្រូតកាត់ ដោយ​រៀបចំ​គិតគូរ​ជា​ផែនការ​ផ្អែកលើ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ តាំង ពី​ពេល​ដាំ​ដុះ ពេល​ច្រូតកាត់ ការទិញ ការដឹកជញ្ជូន ការផ្តល់​ហិរញ្ញប្បទាន និង យន្តការ​សម្របសម្រួល​កំណត់​ថ្លៃ ។​

​ទន្ទឹមគ្នានេះ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​វិស័យ​ស្រូវ​អង្ករ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ចាំបាច់​នានា តាមរយៈ​យន្តការ​មួយចំនួន រួមមាន​៖ (១).​ការបន្ត​ផ្តល់​ការលើកទឹកចិត្ត ផ្នែក​សារពើពន្ធ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញ​អង្ករ (២).​ការបង្កើន​ការផ្ដល់​ហិរញ្ញប្បទាន​សម្បទាន (៣).​ការជំរុញ​ការវិនិយោគ​លើ​ហេដ្ឋារចនា សម្ព័ន្ធ​គាំទ្រ ដូចជា ប្រព័ន្ធ​ដឹកជញ្ជូន ឡូ​ជី​ស្ទីក និង ប្រព័ន្ធ​ស្រោចស្រព (៤).​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការសម្របសម្រួល​ស្ថាប័ន និង ការអនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ និង (៥).​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ ក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង កិច្ចសហ ប្រតិ បត្តិការ​ទ្វេភាគី​នានា​ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម ។​ល​។​

​សូមជម្រាបថា ក្នុង​រយៈពេល ១០ ខែ​ដើមឆ្នាំ ២០២២ នេះ​ការនាំចេញ​អង្ករ​គ្រប់​ប្រភេទ​ពី​កម្ពុជា​ទៅកាន់ ៥៦ ប្រទេស សម្រេច បាន​ជិត ៥១ ម៉ឺន​តោន ដែល​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន​ជិត ៣៧៣ លាន​ដុល្លារ​អាមេរិក កើនឡើង ១០% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១៕​ដោយៈសិរីមតី