សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជំរុញ​ការនាំចេញ​អង្ករ​នៅ​ឆ្នាំ​២០២៣ ឱ្យបាន​ចំនួន ៧៥​ម៉ឺន​តោន និង​១​លាន​តោន​នៅក្នុង​ឆ្នាំ​២០២៥

ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា​៖​រដ្ឋាភិបាល​នឹង​ជំរុញ​ការនាំចេញ​អង្ករ​នៅ​ឆ្នាំ​២០២៣ ឱ្យបាន​បរិមាណ​ចំនួន ៧៥​ម៉ឺន​តោន និង​១​លាន​តោន​នៅក្នុង​ឆ្នាំ​២០២៥ ដែល​ក្នុងនោះ​ត្រូវ​នាំចេញ​ក្រោមរូបភាព​ក្រុមហ៊ុន​ឯកជន​នីមួយៗ និង​ក្រុមហ៊ុន​រួមគ្នា (CRF-EXPORT CONSORTIUM) ដែល​នាំចេញ​ក្នុង​បរិមាណ​ទ្រង់ទ្រាយ​ធំ តាមរយៈ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​គោលដៅ ស្របតាម​ប្រភេទ​ពូជស្រូវ និង​អង្ករ​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លើកឡើង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ចូលរួម ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នា​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។

លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់​អាណត្តិ​ទី​៤​នេះ ក្រោម​កិច្ចសម្របសម្រួល​របស់​ក្រសួងពាណិជ្ជកម្ម​ដែលជា​អាណាព្យាបាល​បច្ចេកទេស សហព័ន្ធ​ស្រូវ​អង្ករ​បានដាក់​ចេញ​នូវ​ផែនការ​របស់ខ្លួន ដោយ​ផ្តោតលើ​សរសរ​ស្តម្ភ​ចំនួន ៤ ទី​១. អភិបាលកិច្ច​៖ បន្ត​ពង្រឹង​អភិ បាលកិច្ច​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​ប្រកបដោយ​ការទទួលខុសត្រូវ​និង​គណនេយ្យភាព​។​ទី​២.ជំរុញ​ផលិតកម្ម​ពូជស្រូវ​៖បន្ត​និង​ចូល រួម​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​គោលនយោបាយ​ជំរុញ​ការផលិត​ពូជស្រូវ​និង​ចែកចាយ​ដល់​ប្រជាកសិ ករ និង​ធ្វើ​កិច្ចសន្យា​កសិកម្ម ដើម្បី​ធានាបាន​នូវ​តម្លៃ​ស្រូវ​។​ទី​៣. ទីផ្សារ​៖ ជំរុញ​ការនាំចេញ ដោយ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​គោល ដៅ​ស្របតាម​ប្រភេទ​ពូជស្រូវនិង​អង្ករដែល​កំណត់​យក​ឆ្នាំ​២០២៣ ឱ្យបាន​បរិមាណ​ចំនួន៧៥​ម៉ឺន​តោន​និង​១​លាន​តោន​នៅក្នុង​ឆ្នាំ​២០២៥​ដែល​ក្នុងនោះ​ត្រូវ​នាំចេញ​ក្រោមរូបភាព​ក្រុមហ៊ុន​ឯកជន​នីមួយៗ និង​ក្រុមហ៊ុន​រួមគ្នា (CRF-EXPORT CONSORTIUM) ដែល​នាំចេញ​ក្នុង​បរិមាណ​ទ្រង់ទ្រាយ​ធំ​និង​ទី​៤. ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​៖​រៀបចំ​ឱ្យមាន​មូលនិធិ​ឯកជន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​បន្ថែម ដើម្បី​ស្រាវ ជ្រាវ អភិវឌ្ឍន៍​លើ​ប្រភេទ​ពូជស្រូវ ដែល​អាចឆ្លើយតប​ការប្រែប្រួល​បរិយាកាស ទីផ្សារ និង​ទិន្នផល​។​បន្ត​ជំរុញ​ការប្រើប្រាស់​បច្ចេក វិទ្យា​សម្រាប់​ការដាំដុះ ការ​កិន​កែច្នៃ និង​ជំរុញឱ្យមាន​ស្តង់ដារ​តម្រូវ​គ្រប់​ប្រភេទ​របស់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងការ​នាំចេញ​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចប្រឹងប្រែង​សម្របសម្រួល​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ឆ្នាំ​២០១៤ ហើយ​បាន ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល តាមរយៈ​អនុក្រឹត្យ​លេខ​២២៨ អនក្រ​.​បក ចុះ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៤ ដោយ​ស្ថិតក្រោម​អាណា ព្យាបាល​បច្ចេកទេសរ​បស់​ក្រសួងពាណិជ្ជកម្ម ដែលជា​ដៃគូ​រាជរដ្ឋាភិបាល​តែមួយគត់​ក្នុងការ​អនុវត្ត​គោលនយោបាយ​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ដែល​រហូតដល់​ពេលនេះ​មាន​រយៈពេល ៩​ឆ្នាំ​។ សម្រាប់​អាណត្តិ​ទី​៣ ដែល​បាន​បោះឆ្នោត​រៀបចំ​ថ្នាក់ ដឹកនាំ នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩ ដែលមាន​ការកែសម្រួល​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ ដោយមាន​ការបែងចែក​ការងារ​ប្រតិបត្តិ និង​ការ ត្រួតពិនិត្យ (Check and Balance) ដែលមាន​ប្រធាន​សហព័ន្ធដែលជា​តួអង្គ​ដឹកនាំ​ការងារ​ប្រតិបត្តិ ដឹកនាំ​ដោយឧកញ៉ា សុង សារ៉ន និង​ក្រុមប្រឹក្សាភិបាល ដែលមាន​សមាភាព​សរុប​ចំនួន ២៥​រូប ដែលមាន​ប្រធាន​ដឹកនាំ​ដោយ ឧកញ៉ា ហ៊ុន ឡាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ចុងក្រោយ នៃ​អាណត្តិ​ទី​៣ ក៏​ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​អាណត្តិ​ទី​៤៕​ដោយៈសិរីមតី