សន្ដិសុខសង្គម

បន្តឃាត់ខ្លួនស្ត្រីវៀតណាម១១នាក់រឿងផ្ទុះអាវុធក្នុងហាងខារ៉ាអូខេក្រុងបាវិត

ស្វាយរៀង៖សមត្ថកិច្ចនៅឃាត់ខ្លួនស្ត្រីវៀតណាមចំនួន១១នាក់បន្តទៀតដើម្បីសាកសួរនិងស្រាវជ្រាវក្នុងករណីផ្ទុះអាវុធនៅហាងខារ៉ាអូខេមួយកន្លែងនៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងនៅហាងខារ៉ាអូខេផ្លាកយីហោ៦៨ ស្ថិតក្នុងភូមិ​បាវិតកណ្ដាល  ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២២ ខែវិច្ឆិកា។ សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីពាក់ព័ន្ធទាំង១១នាក់ពួកគេមានអាយុពី១៦ដល់២៧ឆ្នាំ។

មន្ត្រីដដែលបានបន្តថា ករណីផ្ទុះអាវុធបង្កឡើងដោយជនជាតិវៀតណាម១ក្រុម​ជិះរថយន្តម៉ាកព្រូស ផ្លាកលេខភ្នំពេញ 2BL-2934 រួចយកទៅប្លុងចោលនៅលើផ្លូវជាតិ​លេខ១ ភូមិឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្រោយកើតហេតុកម្លាំងនគរបាលបានចុះស្រាវជ្រាវ រកឃើញសម្បកគ្រាប់កាំភ្លើងវែងចំនួន​៧គ្រាប់-សម្បកកាំភ្លើងខ្លី១គ្រាប់និងមានផ្លាកលេខរថយន្តភ្នំពេញ 2BH-0217០នៅកន្លែងកើតហេតុ។

ក្រោយពីសាកសួរស្ត្រីវៀតណាមចំនួន១១នាក់នោះរួច តំណាងតុលាការខេត្តស្វាយរៀង​បានឱ្យឃាត់ខ្លួនបណ្ដោះអាសន្នបន្តទៀតដើម្បីស្រាវជ្រាវរកមុខសញ្ញាបាញ់កាំភ្លើងអនាធិបតេយ្យ៕ដោយ៖វិចិត្រ