សេដ្ឋកិច្ច

រដ្ឋាភិបាលកំណត់វិស័យទេសចរណ៍ជាអាទិភាពក្នុងការជួយស្ដារសេដ្ឋកិច្ចឡើងវិញឱ្យ​បានឆាប់រហ័ស​

ភ្នំពេញៈក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថាបច្ចុប្បន្ននេះ ទោះបីជាវិបត្តិនៃជំងឺកូវីដ១៩បានថមថយក្ដីក៏បញ្ហាអស្ថិរភាព​សេដ្ឋកិច្ច ​និងភូមិសាស្ត្រនយោបាយសកល បន្តបន្ទច់បង្អាក់ដល់ការស្ដារ និងជំរុញវិស័យទេសចរណ៍ឡើងវិញ ដោយសារតែកំណើនភ្ញៀវទេស​ចរអន្តរជាតិនៅតែមានកម្រិតទាបនៅឡើយ។

លោកបន្តថា“រាជរដ្ឋាភិបាលនៅតែចាត់ទុក វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈ​ពេល​វែងទៅមុខ និងបន្តប្ដេជ្ញាខិតខំប្រឹងប្រែងផ្ដល់ការគាំទ្រនានា ដើម្បីស្ដារវិស័យនេះឡើងវិញឱ្យបានឆាប់រហ័ស”។

លោកបន្តថា ជាក់ស្ដែង ដើម្បីគាំទ្រដល់ការស្ដារឡើងវិញ នៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ អន្តរាគមន៍​ជា​បន្តបន្ទាប់ មានជាអាទិ៍ វិធានការសារពើពន្ធ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងខេត្តដែលមានសក្ដានុពលទេសចរណ៍ខ្ពស់ ដូច​ជាការស្ថាបនាបណ្ដាញផ្លូវនៅខេត្តព្រះសីហនុ និងសៀមរាប ព្រមទាំងការអនុម័តនូវឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយ​សំខាន់ៗ​មួយចំនួនទៀត ដូចជាវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ២០២១-២០២៣ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្ត​សៀមរាប ២០២១-២០៣៥ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគីរី ២០២១-២០៣៥ជាដើម ។

លោកបន្ថែមថា“បទពិសោធន៍ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានបង្ហាញថា ការលើកកម្ពស់ចីរភាពនិងការពង្រឹង​ចលនាទេសចរ​ណ៍​​ផ្ទៃក្នុង គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការពង្រឹង ភាពធន់នៃវិស័យទេសចរណ៍”៕ដោយៈសិរីមតី