សេដ្ឋកិច្ច

រដ្ឋមន្ត្រី​កសិកម្ម ជំរុញ​ដល់​ក្រុមហ៊ុន​ប្រមូល​ទិញ​កសិផល​ពី​កសិករ ត្រូវ​ឈរលើ​គោលការណ៍ ផ្ដល់​ចំណេញ​ទៅវិញទៅមក​

​កណ្តាល​៖ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ប្រមូល​ទិញ​កសិផល​គ្មាន​ជាតិ គីមី​ពី​កសិករ ត្រូវ​ឈរលើ​គោលការណ៍​ផ្ដល់​ផលចំណេញ​ទៅវិញទៅមក ពោលគឺ​ត្រូវ​បង្ក​ភាព ងាយស្រួល​គ្រប់យ៉ាង​ដល់​កសិករ មិន​ថា​បច្ចេកទេស​ទុន​ជាដើម ធ្វើយ៉ាងណា​ជួយ​កសិករ​យើង ឲ្យ​យល់ដឹង​ច្បាស់លាស់​លើ​កសិផល​ដែល​ខ្លួន​ដាំ​តាម​ស្តង់ដា និង​កម្រិត​ទំហំ​ទីផ្សារ​ដែល​ត្រូវការ ពិសេស​គឺ​តម្លៃ​នៃ​កសិផល​ដែល ពួកគាត់​ផលិត​បាន គឺ​មិនត្រូវ​ទម្លាក់​តម្លៃ​ជាដាច់ខាត តែ​ត្រូវ​ឈរលើ​គោលការណ៍​ចំណេញ​ទៅវិញទៅមក​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​បែបនេះ ក្នុងឱកាស​ដែល​លោក បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​មជ្ឈមណ្ឌល​វិភាគ​សំណល់​ជាតិពុល​ក្នុង​បន្លែ និង​ផ្លែឈើ នៅ​ភូមិ​ព្រែក​សំរោង ក្រុង​តាខ្មៅ អមដំណើរ​ពី​សំណាក់​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​ខេត្ត និង​ក្រុមការងារ នា​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ដ្រី បាន​ណែនាំ​ដល់​មជ្ឈមណ្ឌល​វិភាគ​សំណល់​ជាតិពុល​ក្នុង​បន្លែ និង​ផ្លែឈើ នៅ​ក្រុង​តាខ្មៅ ត្រូវ​យក ចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ធ្វើយ៉ាងណា​ឲ្យ​បន្លែ ផ្លែឈើ​ដែល​ចេញពី​មជ្ឈមណ្ឌល​របស់​យើង គឺ​គ្មាន​សារធាតុ​គីមី និង​កាក់សំណល់​ជាតិ ពុល ក្នុង​បន្លែ​សុវត្ថិភាព ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​បន្លែ ដែលមាន​សុវត្ថិភាព​មាន​គុណភាព​ខ្ពស់​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថា មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ​នេះ គឺមាន​សារៈសំខាន់ និង​ចាំបាច់​បំផុត​ទាំង​ពេលបច្ចុប្បន្ន ក៏ដូចជា​សម្រាប់​ពេលអនាគត​សំដៅ​ធានា បាន​នូវ​គុណភាព សុវត្ថិភាព​ផលិតផល​ដែល​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ ធានា​សុខុមាល​ល​ភាព​សាធារណៈ និង​ភាតរ​បរិស្ថាន ហើយ​គឺ​ពិតជា​ស្របតាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួង ក្នុង​ការជំរុញ​ផលិតភាព គុណភាព និង​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​៕ដោយៈផាវី​