ព័ត៌មានជាតិ

ផ្ទះមួយខ្នងបាក់ស្រុតចូលទន្លេ និង៦ខ្នងបានរុះរើគេចពីការបាក់ច្រាំងទន្លេ 

កំពង់ចាម៖ផ្ទះពលរដ្ឋមួយខ្នងបានបាក់ស្រុតចូលក្នុងទន្លេនិង៦ខ្នងទៀតបានរុះរើគេចផុតនិង៥២ខ្នងទៀតប្រឈមការរុះរើ។ផ្ទះរងគ្រោះស្ថិតនៅឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ កាលពីសប្តាហ៍កន្លងទៅ។ ប៉ុន្តែគ្រោះធម្មជាតិខាងលើមិនមានការប៉ះពាល់ដល់​អាយុជីវិតមនុស្សទេ។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ ក្នុងពិធីចែកអំណោយដល់ប្រជាពរដ្ឋរងគ្រោះ​ដោយទឹកជំនន់ទន្លេមេគង្គ ជំនន់ទឹកភ្លៀង និងការបាក់ច្រាំងទន្លេនេះចំនួន៤៥៨ គ្រួសារដែលមានការអញ្ជើញចូលរួមពីលោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល។លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារការ និងដឹកជញ្ជួន ព្រមទាំងសហការីជាច្រើនរូបទៀត។

លោកអភិបាលស្រុកស្រីសន្ធរបានឱ្យដឹងថាៈ កាលពីថ្ងៃទី ១៨ វិច្ឆិកាកន្លងទៅ គ្រោះធម្មជាតិច្រាំងទន្លេបានបាក់ស្រុតប្រវែងបណ្តោយ៣៥០ម៉ែត្របាក់ចូលពីបួនទៅ១០ ម៉ែត្រក្នុងភូមិផ្ទះកណ្តាលលើ និងផ្ទះកណ្តាលក្រោម ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ។

លោកអភិបាលស្រុកបានបន្តថា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេខាងលើបាន​បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ១ខ្នងសង់អំពីថ្មបានបាក់ចូលក្នុងទន្លេ ផ្ទះសង់ពីឈើ​៦ខ្នងបានរុះរើចេញទាន់ពេល និង៥២ ខ្នងប្រឈមការរុះរើ៕ដោយ៖គង់ហេង