ព័ត៌មានជាតិ

គណៈកម្មការនៃគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ពិនិត្យមើលការងារដែលធ្វើបានសម្រេច និងរៀបចំគម្រោងជួសជុលបន្តទៀត

សៀមរាប៖ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរានិងស្ថានទូតបារាំងដែលជាសហប្រធាន​នៃគណៈកម្មការជួសជុលប្រាសាទមេបុណ្យខាងលិច បានដឹកនាំក្រុមអ្នកបច្ចេកទេស​គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ជួបប្រជុំពិភាក្សានៅឯការដ្ឋានជួសជុល​ប្រាសាទមេបុណ្យខាងលិចផ្ទាល់ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ការជួបប្រជុំក្រុមអ្នកបច្ចេកទេសនេះ គោលបំណងគឺដើម្បីតាមដាននិងពិនិត្យ​វឌ្ឍនភាព​ការងារជួសជុលប្រាសាទមេបុណ្យខាងលិចនាពេលកន្លងមក ជាមួយនឹងការរៀបចំទិសដៅ ជាបន្តទៀតអំពីផែនការសកម្មភាពជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច​នៅឆ្នាំ២០២៤ ខាងមុខ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Pierre Vincent ទីប្រឹក្សាវប្បធម៌ និងសហប្រតិបត្តិការ​នៃ​ស្ថានទូតបារាំង ក្នុងនាមជាសហប្រធាននៃក្រុមការងារបច្ចេកទេសដឹកនាំគម្រោង​ជួសជុលប្រាសាទមេបុណ្យខាងលិច និងទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិង​ក្រុមអ្នកបច្ចេកទេសជាច្រើននាក់ផង។

ប្រាសាទមេបុណ្យខាងលិច ជាប្រាសាទបុរាណ ដែលមានទីតាំងស្ថិតនៅលើដីទួល​មួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច នៃអតីតក្រុងអង្គរ ។ ប្រាសាទនេះ​បានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទី១១ នៃគ្រិស្តសករាជ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ (ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសចំពោះបុព្វការីជន​របស់ព្រះអង្គ។ ប្រាសាទនេះមានលក្ខណៈប្លែកពិសេស គឺសំណង់ប្រាសាទបានផ្គុំឡើង​ដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួល។

នៅក្នុងបរិវេណប្រាសាទមេបុណ្យខាងលិចនោះ មានប្រាសាទតូចៗចំនួន១២និងមាន​រានហាល ដែលគេសង់ឡើងនៅកណ្ដាលស្រះទឹកមួយទៀតសម្រាប់ដាក់រូបព្រះវិស្ណុផ្ទុំ។ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ក្រុមការងារបានប្រឹងប្រែងជួសជុលនិងដំឡើង​តួប៉មប្រាសាទចំនួន៦ នៅមេបុណ្យខាងលិចដែលរលំបាក់បែក ឱ្យមានរូបរាងឡើងវិញ ហើយនៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ ដំណើរការដំឡើងនិងជួសជុលតួប៉មប្រាសាទ​ទាំង៦នេះអាចនឹងបញ្ចប់ជាស្ថាពរ ។ចំណែកឯប្រាសាទតូចៗចំនួន៣ទៀតប្រសិនបើ​បន្ថែមកម្លាំងការងារនិងសម្ភារជួសជុលឱ្យបានច្រើនលើសពីពេលបច្ចុប្បន្ន គឺអាចនឹង​បញ្ចប់ការដំឡើងនិងការជួសជុលនៅត្រឹមចុងឆ្នាំ២០២៤។

ចាប់តាំងពីឆ្នាំ២០១២រហូតមកដល់ឆ្នាំ២០១៨ អ្នកជំនាញរបស់ស្ថានទូតបារាំង បានមកសិក្សាម្ដងទៀត ដោយចាប់ផ្ដើមគូសប្លង់ ធ្វើទំនប់ទឹក ព្រមទាំងរើថ្ម​ដែលបាក់បែកនិងជួសជុលប្រាសាទខ្លះ ។ នៅឆ្នាំ២០១៩ ក្រុមអ្នកជំនាញបុរាណវិទ្យា​របស់អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថានទូតបារាំង បានចាប់អនុវត្ត​គម្រោងជួសជុលជាទ្រង់ទ្រាយធំ រហូតមកដល់បច្ចុប្បន្ន៕