កីឡា

Ronaldo ទទូចថា រូបគេមិនមានអ្វីបង្ហាញ នៅ World Cup ទេ

ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​សង្កត់​ធ្ងន់​ថា ​រូប​គេ​​មិន​មាន​អ្វី​ ដែល​ត្រូវ​បង្ហាញ​ដល់​អ្នក​ណា​ម្នាក់​ឡើយ ​បន្ទាប់​ពី​មាន​ការ​រិះគន់​ចំពោះ​បទ​សម្ភាសន៍​ដ៏ចម្រូងចម្រាស​របស់​គេ។

កីឡាករ Ronaldo បាននិយាយអំពីការមិនសប្បាយចិត្តរបស់ខ្លួន នៅឯ​ក្លិប Manchester United ដោយសំដៅ​លើ​លោក Erik ten Hag និងគ្រួសារ​ត្រកូល Glazers ហើយជំរុញឱ្យក្លិបបញ្ចប់កិច្ចសន្យាជាមួយ​គេ នៅមុនទីផ្សារដោះដូរកីឡាករ ក្នុង​ខែមករានេះ​។

នៅពេលត្រូវ​បាន​សួរ កាលពីថ្ងៃចន្ទថា តើរូប​គេ​សង្ឃឹមថា នឹងប្រើប្រាស់​ព្រឹត្តិការណ៍ World Cup ដើម្បីបង្ហាញពីតម្លៃរបស់​ខ្លួនដល់​ក្រុម Man United និងអ្នកស្នើ​នា​ពេល​ខាង​មុខ​ណាមួយ ឬ​ទេ កីឡាករ Ronaldo បានសើចចំពោះការ​លើក​ឡើង​នេះ។

កីឡាករ Ronaldo បាននិយាយថា៖ «ប្រសិនបើខ្ញុំត្រូវបញ្ជាក់អ្វីមួយនៅអាយុ ៣៧ឆ្នាំ និង ៨ខែ ខ្ញុំមុ​ខតែ​មាន​ក្ដី​កង្វល់​ជាមិន​ខាន​។ បន្ទាប់ពីអ្វី ដែលខ្ញុំបានធ្វើរួចហើយ​ ហើយ​ទទួល​បាន​ជ័យ​ជម្នះនោះ វានឹងក្លាយជាការភ្ញាក់ផ្អើលមួយ សម្រាប់ខ្ញុំ។

«ពិតមែន​ហើយ ខ្ញុំត្រូវតែបង្ហាញឱ្យ​ឃើញ​ថា​ ខ្ញុំជាអ្វីពីមួយឆ្នាំទៅមួយឆ្នាំ។ មនុស្សគ្រប់គ្នា មានទស្សនៈរៀង​ៗខ្លួន។ តើ World Cup ជាការប្រកួតប្រជែង​ដ៏សំខាន់បំផុតមែន​ឬ? មែន​! ជាកម្មវិធី​​មួយ ក្នុងចំណោមព្រឹត្តិការណ៍​ដ៏សំខាន់​បំផុតនានា។ វាជាសុបិន ក្នុង​ការ​ចង់ឈ្នះពាន​រង្វាន់​នេះ ប៉ុន្តែប្រសិនបើខ្ញុំមិន​បាន​ឈ្នះ​ពាន​រង្វាន់​នានា​បន្ថែម​ទៀត​ទេ ខ្ញុំក៏​​នៅ​តែ​មាន​មោទនភាព​ដដែល»។ Ronaldo បាន​បន្ថែម​។

ក្លិប Man United ជឿថា Ronaldo អាចត្រូវរកឃើញថា មានកំហុសពី​បទ​​រំលោភ​កិច្ចសន្យា ដែលនឹងនាំឱ្យ​ពួក​គេ​មាន​សេរីភាព ក្នុង​ការ​ផ្ដាច់​កុង​ត្រា​របស់​កីឡាកររូបនេះ។

ពិតណាស់ ភ្នាក់ងាររបស់កីឡាករ Ronaldo លោក Jorge Mendes ត្រូវបានគេ​ដឹងថា កំពុងធ្វើការ ដើម្បី​ស្វែងរកក្លិបថ្មី សម្រាប់​​កីឡាករ​របស់​ខ្លួនឱ្យ​បាន​មុនទីផ្សារដោះដូរកីឡាករ ក្នុង​ខែ​មករា ដោយជឿជាក់ថា ខ្សែប្រយុទ្ធ​អន្តរជាតិព័រទុយហ្គាល់ ​បានបង្ហាញ​ខ្លួន ក្នុង​ហ្គេមចុងក្រោយ សម្រាប់ក្រុម​បិសាចក្រហមរួច​ហើយ​៕