សេដ្ឋកិច្ច

១០​ខែ កម្ពុជា នាំ​ដំឡូង​មី ២,៨ លាន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​

​ភ្នំពេញៈ ផលិតផល​ដំឡូង​មី​ប្រមាណ​ជាង ២,៨ លាន​តោន ត្រូវបាន​កម្ពុជា​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​នា​រយៈពេល ១០ ខែ​ក្នុង​ឆ្នាំ ២០២២​។​ចំនួន​នេះ កើនឡើង​ជិត ៣៦ ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ទិន្នន័យ​នាំចេញ​កសិផល​របស់​ក្រសួងកសិកម្ម ដែល​ចេញផ្សាយ​ថ្មីៗ​នេះ​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ ២០២២ កម្ពុជា​បាន​នាំចេញ​ផលិតផល​ពី​ដំឡូង​មី​ទៅ​ក្រៅប្រទេស​សរុប ២ ៨៦៨ ៣៦២,៣៩ តោន កើន ៣៥,៦៧ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ដែលមាន​ចំនួន ២ ១១៤ ២៤០,៨៦​តោន​។​

​យោងតាម​ក្រសួងកសិកម្ម ផលិតផល​ដំឡូង​មី​នាំចេញ​ត្រូវបាន​ចែកចេញជា ៤ ប្រភេទ គឺ​ទី​១. ការនាំ​ចំណិត​ដំឡូង​មី​ក្រៀម នា​រយៈពេល ១០ ខែ ឆ្នាំ ២០២២ មាន​ចំនួន ១ ៦៧០ ០៩០​តោ ន ទី​២. ដំឡូង​មី​ស្រស់ មាន​ចំនួន ១ ១២៩ ០០០ តោន ទី​៣. ការនាំចេញ​ម្សៅដំឡូង​មី សម្រេចបាន ៥២ ០៩៣ តោន ទី​៤​ការនាំចេញ​កាកសំណល់​ដំឡូង​មី មាន​ចំនួន ៩១៧៩,៣៩ តោន​។​

​ទិន្នន័យ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២១ កម្ពុជា​បាន​នាំចេញ​ដំឡូង​មី​សរុប ២ ៧៩៣ ៧២៨,៩២ តាន ក្នុងនោះ​ចំណិត​ដំឡូង​មី​ក្រៀម​ចំនួន ១ ៦៤៤ ៥៩១,៦៨ តោន កើនឡើង ៨,៤៥ ភាគរយ​, ដំឡូង​មី​ស្រស់ ១ ១០៤ ២២០ តោន កើនឡើង ៥២,៦ ភាគរយ​, ម្សៅដំឡូង​មី ៣៥ ៨៦២,៧៤ តោន កើនឡើង ២,៦៦ ភាគរយ និង​កាកសំណល់​ដំឡូង​មី ៩ ០៥៤,៥០ តោន ថយចុះ ៣៣,០៦ ភាគរយ​៕ដោយៈសុផល