បច្ចេកវិទ្យា

អង្គការណាសាអះអាងថា មនុស្សនឹងអាចទៅរស់នៅឋានព្រះចន្ទនៅឆ្នាំ២០៣០

អង្គការណាសាអាម៉េរិកបានអះអាងនៅសប្តាហ៍នេះថា មនុស្សលោកយើងនឹងអាចទៅ រស់នៅឋានព្រះចន្ទបាននៅឆ្នាំ២០៣០ បន្ទាប់ពីទីភ្នាក់ងារបានសាកល្បងជោគជ័យ នូវកម្មវិធី Artemis 1។


យោងតាមសំដីរបស់លោក Howard Hu អ្នកគ្រប់គ្រងកម្មវិធី Orion ជាមន្រ្តីឈានមុខ នៃអង្គការណាសាផ្ទាល់បាននិយាយប្រាប់ BBC’s Sunday ថា មនុស្សអាចទៅរស់នៅ ឋានព្រះចន្ទបានប្រកបដោយនិរន្តរភាពនៅពេលខាងមុខឆ្នាំ២០៣០ ពីព្រោះអ្នកជំនាញ បានកំពុងធ្វើការជោគជ័យនៃការសាកល្បងបាញ់បង្ហោះយានដឹក និងសិក្សាជុំវិញ គន្លងព្រះចន្ទរួចហើយ។ លោកនិយាយថា “ថ្ងៃប្រវត្តិសាស្ត្រសម្រាប់ការហោះហើរអវកាស របស់មនុស្ស” ។ “វាជាជំហានដំបូង ដែលយើងកំពុងឈានទៅរកការរុករកអវកាស ដ៏ជ្រៅរយៈពេលវែង មិនត្រឹមតែសម្រាប់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ ពិភពលោកផងដែរ”។
គួររំលឹកថា គម្រោងនេះមានតម្លៃ៤,១ពាន់លានដុល្លារ ទម្រាំបានបាញ់ ត្រូវខកខាន ជាច្រើនដងដោយសារបញ្ហាលេចធ្លាយសាំង និងអាកាសធាតុមិនអំណោយផល។ យ៉ាងណាក៏ដោយការបាញ់បង្ហោះនៃរ៉ុក្កែតកម្ពស់៩៨ម៉ែត្រ ក្រោមកម្មវិធី Artemis ១ ត្រូវបានបញ្ជាក់ថាទទួលបានជោគជ័យជាផ្លូវការនៅថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីបាញ់  កាលពីថ្ងៃពុធសប្តាហ៍មុនចេញពីរដ្ឋផ្លរីដាសហរដ្ឋអាម៉េរិក។ វាគឺជាជោគជ័យមួយដ៏ធំ មិនធ្លាប់មានបន្ទាប់ពីយាន Apollo ទី ១១ របស់អាម៉េរិកបានជាន់លើដីព្រះចន្ទដំបូងបង្អស់ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិនៅឆ្នាំ១៩៦៩៕
ប្រភព៖ NASA
ប្រភពរូប៖NASA
ប្រែសម្រួល៖សុខ តុលា