សន្ដិសុខសង្គម

សត្វកែះមួយក្បាលត្រូវបានជួយសង្រ្គោះទាន់ពេលក្រោយជាប់អន្ទាក់ព្រានព្រៃ=

បាត់ដំបង៖ រាប់ជាសំណាងល្អ ដោយសត្វកែះមួយក្បាលត្រូវបានរួចផុតពីក្រញាំដៃ ក្រុមព្រានព្រៃ ហើយត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុស និងប្រជាពលរដ្ឋ ក្រោយត្រូវជាប់អន្ទាក់ របស់ព្រាន និងដេញចាប់ប្រផុតប្រផើយដោយក្រុមព្រានព្រៃរួចមក។

ទាក់ទិនក្នុងរឿងនេះ  ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួង បរិស្ថានបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២២ថា៖ សត្វកែះនេះបានថ្លោះចង្កេះ របួសជើង និងសន្លប់ ក្រោយធ្លាក់ពីលើជ្រោះ ហើយក្រុមព្រានបានរត់គេចខ្លួន។ ពេលនេះកំពុងត្រូវបានថែរក្សា ការពារដោយមន្ត្រីឧទ្យានុរក្ស។ជាមួយគ្នានេះក្រុមអ្នកជំនាញពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បាននិងកំពុងធ្វើដំណើរទៅជួយសង្គ្រោះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងបរិស្ថានបានថ្លែងថា សត្វកែះជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថាមានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់ សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជា ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។

ឯកឧត្តមបានថ្លែងថា ក្រុមអ្នកស្រាវជ្រាវមិនទាន់មានទិន្នន័យពិតប្រាកដពីចំនួនសត្វកែះ ដែលរស់នៅកម្ពុជាទេ ក៏ប៉ុន្តែសត្វកែះនេះមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុត ដោយសារតែ ជាសត្វកម្រ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា៖ «បច្ចុប្បន្ននេះ សត្វកែះកំពុង ប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការ បាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វនេះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បី យកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»។

ជាមួយគ្នានេះលោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ដែរថា ដោយសារជាសត្វមានភាព រហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ ដូច្នេះគេកម្រ នឹងជួបប្រទះវាណាស់។ រដូវបន្តពូជរបស់សត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើត បានកូន ១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ ៧ ខែ។ កូនរបស់វារស់នៅជា មួយមេវាស្ទើរពេញ ១ ឆ្នាំទើបចាកចេញ។

បើយោងតាមការសិក្សា សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង ៤ របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើង ចាប់ពីក្បាលជង្គង់ចុះ មានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាលដល់ស្មា របស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។ សត្វនេះមានស្នែងដូចសត្វពពែដុះកោង ទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០ មិល្លីម៉ែត្រ ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់ នៅផ្នែកគល់។ រីឯកន្ទុយខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ។ តាមការសិក្សាចំពោះ ជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ សត្វកែះមានជើងយ៉ាងចំណាប់ក្នុងការដើរឡើង តាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគុម្ពោតព្រៃក្រាស់ៗ ហើយចេញ រកស៊ី នៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមានវា ដោយសារគំនរលាមក៕

ដោយ៖ឧត្តម