សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​ផ្ដល់​ថវិកា​បន្ថែម ១០​លាន​ដុល្លារ​អាមេរិក លើ​មូលនិធិ​សម្រាប់​ទិញស្រូវ​ចំនួន​៨៣​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ​៖​ដើម្បី​ជំរុញ​ការប្រមូល​ទិញស្រូវ និង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​ជូន​ប្រជាកសិករ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​សេនាធិការ​បានសម្រេច​ផ្ដល់​ថវិកា​បន្ថែមចំនួន១០​លាន​ដុល្លារ​អាមេរិកលើ​មូលនិធិ​សម្រាប់​ទិញស្រូវ​ចំនួន​៨៣​លាន​ដុល្លារ​ អាមេរិក តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម​សម្រាប់​គាំទ្រ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​កែច្នៃ​នាំចេញ​អង្ករ ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​តាម​តម្លៃ​សមស្រប​ជៀសវៀង​ការទិញ​ទម្លាក់​ថ្លៃ​ពី​ឈ្មួញ​ខិលខូច​មួយចំនួន​។​នេះ​បើ​យោងតាម​សេចក្តីជូន ដំណឹង​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​។​

​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​សាធារណជន បងប្អូន​ប្រជាកសិករ រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន​កែច្នៃ​នាំចេញ​អង្ករ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។​

សូមបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ តម្លៃ​ស្រូវ​មានការ​ប្រែប្រួល​នៅតាម​បណ្តារ​ខេត្ត​ផលិត​ស្រូវ​មួយចំនួន ពិសេស​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​ដែល​បណ្តាលមកពី​រដូវ​ប្រមូល​ផល​ធំ ហើយ​មានការ​ច្រូតកាត់​ព្រម​គ្នា ជាហេតុ​ធ្វើឱ្យ​បរិមាណ​ស្រូវ​ដែល​ត្រូវ​លក់​មាន​ចំនួន​ច្រើន​ក្នុងពេល​តែមួយ​។ ការណ៍​នេះ ធ្វើឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ពុំ​អាច​ប្រមូល​ទិញស្រូវ​ទាំងអស់​នោះបាន ដែលនាំឱ្យ​តម្លៃ​ស្រូវ​មានការ​ប្រែប្រួល​ធ្លាក់ចុះ បើ​ធៀប​ទៅនឹង​ដើមរដូវ​។ ហេតុដូចនេះ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​សូម​អំពាវនាវ​ឱ្យ​ប្រជាកសិករ​តាម​តំបន់​ដែល​ត្រូវ​ប្រមូល​ផល​ស្រូវ សូម​ដាក់​កម្ម វិធី​ច្រូតកាត់​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​នៅក្នុង​តំបន់​របស់ខ្លួន ដើម្បី​ជៀសវៀង​ការប្រមូល​ផល​ក្នុងពេល​តែមួយ​ព្រម​គ្នា​ដែល​អាច​បណ្ដាលឱ្យ​មានកា​រ​បង្អាប់ថ្លៃ​ស្រូវ​។​

ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (Cambodia Rice Federation) ដែល​បាន​ជួយ​ទិញស្រូវ​ពី​ប្រជាកសិករ​ក្នុងតម្លៃ សមរម្យ​នាពេល​កន្លងមក និង​ជួយ​ទិញ​បន្ត ទៀត​៕ដោយៈសិរីមតី