សន្ដិសុខសង្គម

រថយន្តធំ២គ្រឿងបុកគ្នា តៃកុងរងរបួសធ្ងន់ទាំងសងខាង

ខេត្តព្រះសីហនុ៖រថយន្តធំ២គ្រឿងបានបុកគ្នា បណ្ដាលឱ្យតៃកុងរងរបួសធ្ងន់ទាំងសងខាង​នៅលើផ្លូវជាតិលេខ៤ ក្នុងភូមិចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃ២១ វិច្ឆិកា។

សមត្ថកិច្ចឱ្យដឹងថា រថយន្តទាំង២គ្រឿងបើកបរទិសដៅផ្ទុយគ្នា គឺរថយន្តដឹកប្រេងផ្លាកលេខ ភ្នំពេញ 3E 2223 សណ្តោងស៊ីទែន។ អ្នកបើកបរឈ្មោះ អ៊ិន ឈាន អាយុ២៩ឆ្នាំ ចេញពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ បានបុកជាមួយរថយន្តដឹកកុងតឺន័រផ្លាកលេខភ្នំពេញ 3D 8691 សណ្តោងទូកុងតឺន័រពេញទំហឹងបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ទាំងសងខាង រថយន្តខ្ទេចខ្ទីផ្នែកមុខដូចគ្នា។តៃកុងរថយន្តកុងតឺន័រ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​ទេ។

ក្រោយកើតហេតុ អ្នករងរបួសបានគេជួយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក​ស្រុកស្រែអំបិលភ្លាមៗ ហើយសមត្ថកិច្ចជំនាញបានបន្តចាត់ការតាមនិតិវិធី៕ដោយ៖វិចិត្រ