ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី៩

សៀមរាប៖ ក្រសួងការពារជាតិ នៃប្រទេសកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM Retreat)និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាន-បូក​លើកទី៩ (9″ ADMM-Plus) រយៈពេល៣ថ្ងៃចាប់តាំងពីថ្ងៃទី២១រហូតដល់​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឯខេត្តសៀមរាប។

(រូបថតឯកសារ)

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ឱ្យដឹងថា កិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រី​ការពារជាតិអាស៊ាននឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈស្តីពី«ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយ​ភាពសុខដុម»។ ក្រៅពីកិច្ចប្រជុំចង្អៀត ក៏មានកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរ ដែលរដ្ឋមន្ត្រី​ក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ នឹងធ្វើជាសហប្រធានរួមមាន៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាម៉េរិកនិងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ដែលនឹងត្រូវបានរៀបចំជាបន្តបន្ទាប់គ្នាដែរ។

នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិអាស៊ានបូកលើកទី៩ ហើយនឹងទទួលការចូលជួបសម្ដែងការគួរសមរួមគ្នា ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនិងអគ្គលេខាធិការអាស៊ានផង។ នៅក្នុងកិច្ចប្រជុំ​រដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក ក៏នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពី «បរិយាកាសសន្តិសុខតំបន់និងអន្តរជាតិ និងកិច្ចសន្ទនា​ជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ​នៅក្នុងតំបន់។

នៅពេលបញ្ចប់កិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកទៀ បាញ់ ក៏នឹងធ្វើពិធីផ្ទេរ​តំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ជូនទៅ​លោកប្រាបូវ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជា​ប្រធានប្តូរវេន សម្រាប់ឆ្នាំ២០២៣។

ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ កម្ពុជាមានការប្តេជ្ញាចិត្តជំរុញសាមគ្គីភាពអាស៊ាន ក្រោមប្រធានបទអាស៊ាន​រួមគ្នាធ្វើ ការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN ACT) ព្រមទាំងរួមគ្នា​ដោះស្រាយ​បញ្ហាប្រឈមសន្តិសុខតំបន់ក្នុងពេលបច្ចុប្បន្ននិងអនាគតតាមស្មារតី “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”៕

(រូបថតឯកសារ)