សន្ដិសុខសង្គម

ចាប់ជនសង្ស័យស្រវឹងដុតផ្ទះខ្លួនឯងឆេះទាំងសម្ភារអស់គ្មានសល់

កណ្តាល៖កម្លាំងនគរបាលស្រុកស្អាង ចាប់ជនសង្ស័យម្នាក់ពេលស្រវឹងខឹងប្រពន្ធ បានដុតផ្ទះខ្លួនឯងបណ្តាលឱ្យឆេះខ្ទេចនិងសម្ភារប្រើប្រាស់អស់គ្មានសល់។

សមត្ថកិច្ចបានឱ្យដឹងថា បុរសបង្កឱ្យឆេះផ្ទះត្រូវចាប់ខ្លួននៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា។ជនសង្ស័យឈ្មោះ ឡុង ពិសិដ្ឋ អាយុ៤១ឆ្នាំ នៅភូមិ ឃុំខាងលើ។ប្រពន្ធឈ្មោះ កន ម៉ុល អាយុ៣៨ឆ្នាំ ជាកម្មការិនីរោងចក្រ។

កន្លងមកជនសង្ស័យត្រូវបាននគរបាលធ្លាប់អប់និងធ្វើកិច្ចសន្យា២លើករួចមកហើយ។តែនៅថ្ងៃកើតហេតុ បុរសរូបនោះបានផឹកស្រាស្រវឹង ហើយជេរប្រពន្ធនិងរករឿង វ៉ៃអ្នកជិតខាង។ពេលនោះជនប្រមឹកបានយកដែកកេះដុតខោអាវបណ្ដាលឱ្យឆេះផ្ទះ ទាំងមូលនិងសម្ភារប្រើប្រាស់អស់គ្មានសល់ ត្រូវពលរដ្ឋជួយពន្លត់ភ្លើងមិនឱ្យភ្លើងឆេះ រាលដល់ផ្ទះក្បែរៗនោះ។បន្ទាប់មកសមត្ថកិច្ចបានឃាត់ជនសង្ស័យយកទៅប៉ុស្តិ៍ ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្ត៕ដោយ៖វិចិត្រ