កីឡា

Militao និយាយថា យើងគិតថា Benzema មិនអីទេ ពេលដឹងពីកាតព្វកិច្ចក្រុមជម្រើសជាតិ

នៅពេលដែលខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ត្រូវ​បាន​ផ្ដល់​ដំណឹង​ពីកាតព្វកិច្ច នៅ​ព្រឹត្តិការណ៍ World Cup ​​មិត្តរួមក្រុម Real Madrid របស់គេ ក្នុង​នោះ​មាន​ទាំង​កីឡាករ Eder Militao របស់ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីលផង​ដែរ បានគិតថា រូប​គេ​មិន​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែចុង​ក្រោយ កីឡាករវ័យ ៣៤ឆ្នាំ ត្រូវបានដកឈ្មោះ​ចេញពីកម្មវិធីប្រកួត​ប្រជែង​ដ៏​ធំ​នេះ បន្ទាប់ពីរងរបួស ក្នុង​ពេល​ហ្វឹកហាត់ កាលពីថ្ងៃសៅរ៍។

នៅពេលត្រូវបានសួរអំពីស្ថានភាពរបស់កីឡាករ Benzema ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រោយ​រូបគេ​បានខកខានការប្រកួត ៩លើក ក្នុងចំណោម ១៥ហ្គេមចុងក្រោយរបស់ក្រុម Real ដោយសារអ្វី ដែលក្លិបប្រាប់ថា ភ្លៅ​មិន​មាន​កម្លាំង​គ្រប់គ្រាន់នោះ កីឡាករ Militao បាននិយាយថា មិត​រួម​ក្រុម​របស់​ខ្លួន ប្រឹង​តស៊ូ​ជាមួយ​បញ្ហារបួស ដើម្បីបាន​​ជា​សះស្បើយ​ទាន់ពេល សម្រាប់ World Cup។

កីឡាករ Militao បានប្រាប់អ្នក​សារ​ព័ត៌មាន មុនការប្រកួតបើកឆាក World Cup របស់ប្រេស៊ីលទល់នឹងក្រុមស៊ែប៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍ថា៖ «រូប​គេ (Benzema) កំពុងផ្អាក (មិនលេង) ការ​ប្រកួត​របស់​ក្លិប តាមដែលអាចធ្វើបាន ព្រោះ​រូប​គេ​មាន​អារម្មណ៍​មូល​ល្អ ប៉ុន្តែនៅពេលរូប​គេ​ទទួល​ដំណឹង (សម្រាប់ប្រទេសបារាំង) យើងគិតថា អ្វីៗគ្រប់យ៉ាងគឺល្អ»។

«ខ្ញុំមិនបាននិយាយជាមួយគេ​ទេ ប៉ុន្តែ Vinicius Jr (ខ្សែប្រយុទ្ធប្រេស៊ីលរបស់ក្រុម Real) បាននិយាយ ដោយ​ប្រាប់​ថា គេ (Benzema) មានអារម្មណ៍មិនជា​ស្រួលនោះឡើយ។ ខ្ញុំសូមជូនពររូប​គេ​ល្អ​ប្រសើរ​ឡើង​វិញ និងជាសះស្បើយឱ្យ​បាន​ឆាប់​»។ កីឡាករ Militao បាន​បន្ថែម​។

កីឡាករ Benzema ដែល​ជា​ម្ចាស់ជយលាភីពានរង្វាន់ Ballon d’Or បានចាកចេញទាំង​បង្ខំចិត្តពីការហ្វឹកហាត់របស់ក្រុម​ការពារជើងឯកបារាំង កាលពីថ្ងៃសៅរ៍។ ការតស៊ូជាមួយ​របួសរបស់រូប​គេ បានចាប់ផ្តើមតាំង​ពី​ថ្ងៃទី៦ ខែកញ្ញា អំឡុង​ការប្រកួត នៅ​ក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Celtic នៅពេលដែលគាត់ត្រូវប្តូរចេញយ៉ាង​ឆាប់ នៅវគ្គទី១ ហើយបន្ទាប់​មក​ខកខានការប្រកួត ៣លើកបន្ទាប់របស់ក្រុម​ Real៕