សេដ្ឋកិច្ច

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​៖​តម្លៃ​ស្រូវ​មិន​ទាប​ជាង ១០៣៥ រៀល ក្នុង​មួយ​គីឡូក្រាម​

ភ្នំពេញ​៖​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គ​នាយ​ក្រុមហ៊ុន អេ​ម​រ៉ូ​រាយ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២​បាន​ចុះទៅ​ជូ​ប​ពិភាក្សា​ផ្ទាល់​ជាមួយ​បងប្អូន​ប្រជាកសិករ នៅ​តំបន់​ឆ្ងាយៗ​ពី​ទីតាំង​ប្រមូលផ្តុំ ដែល​កំពង់​ជួយ​អន្តរាគមន៍​ដោយ​ក្រុមហ៊ុន បៃតង របស់លោក ឧកញ៉ា ភូ ពុ​យ អគ្គ​នាយ​ក្រុមហ៊ុន បៃតង​កម្ពុជា និង​ធនាគា​ស្រូវ និង​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​នៅ​ទីតាំង​ក្នុង​ខេត្ត​ន​បាត់ដំបង និង​បន្ទាយមានជ័យ​។​

​ដើម្បី​ជួយ​សម្រួល​តម្លៃ​ស្រូវ​កុំឱ្យ​ទាប​ជាង ១០៣៥ រៀល ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ស្រូវ​គុណភាព​លេខ​១ ប្រភេទ​ផ្ការំដួល ឧកញ៉ា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជ​បាន​លើកឡើងថា​ក្រោម ការជួយជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ជា​សេនាធិការ​ក្នុងការ​ជួយផ្តល់​ឥណទាន ការជួយ​សម្របសម្រួល ពី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង នេសាទ ក្រសួងពាណិជ្ជកម្ម អាជ្ញាធរ​ដែនដីនោះ រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​បាន​ខិតខំ​ប្រមូល​ទិញស្រូវ​ឱ្យអស់​លទ្ធភាព​។​

ដោយឡែក​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី​ដែល​បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​ក្រុម​ឈ្មួញ និង​ប្រជាកសិករ​នៅ​កន្លែង​ប្រមូល​ទិញស្រូវ ក្នុង​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​កាលពី​ចុង​សប្តាហ៍​មុន បានចេញ​គោលការណ៍​ឲ្យ​ការទិញ​ស្រូវ ដូចនឹង​តម្លៃ​ដែល​ក្រុម​ឈ្មួញ​ទិញ​នៅ​ខេត្តបាត់ដំបង ពោល​មួយ​គីឡូក្រាម​មិន​ក្រោម ១០៤០​រៀល​នោះឡើយ សម្រាប់​ស្រូវ​ផ្ការំដួល​ប្រភេទ លេខ​១​។​

​លោក អ៊ុំ រាត្រី បាន​ថ្លែងថា នៅក្នុង​ខេត្តបន្ទាយមានជ័យ ស្រូវ​ដែល​ប្រជាកសិករ​កំពុង​ប្រមូល​ផល​នេះ​មាន​ប្រមាណ ១០​ម៉ឺន​ហិកតា ដែល​មកដល់ពេលនេះ​ប្រមូល​អស់​ប្រមាណ ២​ម៉ឺន​ហិកតា​ហើយ នៅសល់ ៧​ទៅ​៨​ម៉ឺន​ហិកតា​ទៀត​៕ដោយៈសិរីមតី