ព័ត៌មានជាតិ

ការរកឃើញឆ្អឹងដាយណូស័រនៅកម្ពុជាជួយដល់ការស្រាវជ្រាវនិងវិស័យទេសចរណ៍

ដោយ៖ឧត្តម

ក្រុមមន្រ្តីជំនាញបានបង្ហាញមោទនភាព បន្ទាប់ពីកម្ពុជាបានរកឃើញផូស៊ីលសត្វដាយណូស័រដែលស្ថិតនៅខេត្តកោះកុងរួចមក ហើយសង្ឈឹមថា តាមរយ:នេះវានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនលើការសិក្សាស្រាវជ្រាវ និងជំរុញវិស័យទេសចរណ៍។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញ មកពីបរទេស មកពីក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប បានចុះសិក្សាដោយផ្ទាល់ពីផូស៊ីលដាយណូស័រដែលជាសត្វបានបាត់បង់ពូជរាប់លានឆ្នាំមកហើយ នៅ កោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះ កុង។

នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងពេលចុះទៅសិក្សាស្រាវជ្រាវគាស់យកផូស៊ីលដាយណូស័រទៅរក្សាទូកនៅក្រសួងបរិស្ថានថា ផូស៊ីល ដាយណូស័រមួយនេះបានកប់ជាប់ក្នុងថ្មភក់ ហើយវាមានប្រវែង៧០ស.ម និងទទឹង២០ស.ម។

លោកបានបញ្ជាក់បន្ថែមថា តាមរយៈការចុះមកស្រាវជ្រាវនេះ ដែរអ្នកជំនាញបានធ្វើការសម្រេចចិត្តរួមគ្នាមួយថានឹងធ្វើការគាស់ផូស៊ីលឆ្អឹងសត្វដាយណូស័រនេះ ដើម្បីរក្សាទុកនៅក្រសួងបរិស្ថានមុននឹងនាំយកទៅធ្វើការរក្សាទុកនៅក្នុងសារមន្ទីរ។

ក្នុងដំណើរ ចុះស្រាវជ្រាវដូចគ្នានេះដែរ លោក អេរិក ប៊ីហ្វហ្វេតូ (Eric Buffetaut)អ្នកជំនាញការស្រាវជ្រាវទៅលើផូស៊ីលសត្វដាយណូស័រមកពីប្រទេសបារាំងបានឱ្យដឹងថា៖តាមរយៈការពិនិត្យជាក់ស្តែងវាជាឆ្អឺងសត្វដាយណូស័រ ហើយវាក៏ជាលើកដំបូងនៅកម្ពុជាដែលរកឃើញឆ្អឺងសត្វដ៏កម្រនេះក្នុងចំណោមប្រទេសដទៃទៀតលើពិភពលោក ពិសេសប្រទេសថៃនៅជាប់កម្ពុជាក៏គេបានរកឃើញកាលពីមុនមកដែរ។

ជាមួយគ្នានេះអ្នកជំនាញជនជាតិបារាំងបានឱ្យដឹងថា៖ការរកឃើញនេះវាបានបង្ហាញពីភាពអស្ចារ្យមួយ ហើយវាក៏ជាផ្នែកមួយជួយដល់ការសិក្សាស្រាវជ្រាវ និងវាក៏ជាការជួយលើកស្ទួយដល់វិស័យទេសចរណ៍មួយដែរសម្រាប់កម្ពុជា។

ដោយឡែក លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរ បរិស្ថានខេត្តកោះកុងបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ដើមឡើយផូស៊ីលឆ្អឺងសត្វដាយណូស័រនេះពុំទាន់មាននរណាដឹងថាវាជាឆ្អឹងសត្វអ្វីពិតប្រាកដឡើយ ប៉ុន្តែតាមរយៈការថតរូបភាពផ្ញើរទៅអ្នកជំនាញ និងឆ្លងតាមការពិនិត្យរបស់អ្នកជំនាញពីបរទេសមកទើបចុងក្រោយនេះគេដឹងថាវាជាសត្វដាយណូស័រដែលមានអាយុកាលរាប់សិបម៉ឺនឆ្នាំមកហើយ។

ប្រធានមន្ទីរ បរិស្ថានខេត្តកោះកុងបានបញ្ជាក់បន្ថែមថា៖”នេះជាករណីលើកទី១ហើយនៅកម្ពុជាក៏ដូចជាខេត្តកោះកុងដែលបានរកឃើញផូស៊ីលឆ្អឺងសត្វដាយណូស័រ។ខ្ញុំសុំឱ្យពលរដ្ឋកម្ពុជាជួយគាំទ្រ ទៅដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានពិសេស ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់ទៅលើការសិក្សាស្រាវជ្រាវក៏ដូចជាប្រមូលនូវបំណែកនានាដែលជាផូស៊ីលដើម្បីរក្សាទុកនៅសារមន្ទីរសម្រាប់ជាប្រយោជន៍យ៉ាងមហាសាលដល់មនុស្សជំនាន់ក្រោយទៀត”៕