សេដ្ឋកិច្ច

ការនាំចេញ​គ្រាប់ស្វាយចន្ទី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មានការ​ធ្លាក់ចុះ​រហូត​ទៅ​ដល់​ជិត​៥០% នា​រយៈពេល​១០​ខែ​ឆ្នាំ​២០២២

ភ្នំពេញ​៖​នៅ​រយៈពេល​១០​ខែនា​ឆ្នាំ​២០២២កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅក្នុង​បរិមាណ​ជិត៤៧​ម៉ឺន​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ ធ្លាក់ចុះ​ជិត​៥០%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២១ ខណៈ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​វិញ​មាន​ចំនួន​ជិត ៦០០​តោន បាន​ថយ​ចុះ​ជិត ៦០% ។ បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។អ្នកជំនាញ​រំពឹងថាការនាំចេញ​ស្វាយចន្ទី​ នឹង​អាច​ប្រសើរ​ឡើងវិញ ប្រសិនបើ​អាកាសធាតុ​អំណោយផល ដ្បិត​ឆ្នាំនេះ​ស្វាយចន្ទី​បាន​រង​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​អាកាសធាតុ និង​ការចំណាយ​លើ​ផលិតកម្ម​កើន​ខ្ពស់ជាង​មុន​ផងដែរ​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទីរ បានកត់សម្គាល់​ឃើញថា អាកាសធាតុ​ប្រែប្រួល​, តម្លៃ​ជី ថ្នាំ​កសិកម្ម​ខ្ពស់​,​និង​កង្វះ​រោង ចក្រ​កែច្នៃ​នៅតែ​ជា​កត្តា​ប្រឈម​សម្រាប់​ខ្សែចង្វាក់​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី​។ ក៏ប៉ុន្តែ បើទោះជា​បែបនេះ​ក្ដី លោក​បាន​បន្ត​កត់សម្គាល់​ទៀតថា បច្ចុប្បន្ន​ស្ថានភាព​អាកាសធាតុ​ហាក់​មាន​ភាព​អំណោយផល​ឡើងវិញ​សម្រាប់​ដំណាំ​ស្វាយចន្ទី ដោយ​លោក​គូសបញ្ជាក់ថា បើសិនជា មាន​អំណោយផល​ពី​អាកាសធាតុ ដំណាំ​ស្វាយចន្ទី នឹងមាន​ការលូតលាស់​ល្អ ថែមទាំង​ផ្ដល់​ទិន្នផល​ខ្ពស់ជាង​មុន​ផងដែរ​។ ប្រធាន​សមាគម​រូបនេះ បានបង្ហាញ​ក្ដី​រំពឹង​ខ្ពស់​ថា ប្រសិន​ណា អាកាសធាតុ​នៅតែ​អំណោយផល ទិន្នផល​គ្រាប់ស្វាយចន្ទី នឹង​អាច​បន្ត​កើនឡើង ពី​ចន្លោះ​ពី ៨០​ម៉ឺន​តោន ទៅ​១​លាន​តោន នៅ​ឆ្នាំ​២០២៣​។​

​យ៉ាងណាក៏ដោយ បើ​យោងតាម​របាយការណ៍​ដែល​ផ្ដល់​ដោយ​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​បង្ហាញថា នៅ​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០២២​នេះ វៀតណាម បាន​នាំចូល​គ្រាប់ស្វាយចន្ទី​ឆៅ​ពី​កម្ពុជា ក្នុង​បរិមាណ ៦៦​ម៉ឺន​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ ថយចុះ ៣៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២១​។​

​ប្រទេស​វៀតណាម គឺ​នៅតែ​ជាទី​ផ្សារ​ខ្នងបង្អែក​ដ៏​ធំ​សម្រាប់​កម្ពុជា ក្នុងការ​នាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ ខណៈដែល​ការកែច្នៃ​នៅក្នុង​ស្រុក​ហាក់​មិនទាន់មាន​ច្រើន​គ្រប់គ្រាន់​នៅឡើយ​។ ក៏ប៉ុន្តែ បើទោះជា​បែបនេះ​ក្ដី ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា ក៏បាន​កត់សម្គាល់ឃើញ​ថា បញ្ហា​អាកាសធាតុ នៅ​ចុងឆ្នាំ​២០២២​នេះ ហាក់​កាន់​តែមាន​ភាព​ធូរស្បើយ ដែល​អំណោយផល​សម្រាប់​ដំណាំ​ស្វាយចន្ទី​។​

​សូមបញ្ជាក់ថា នៅ​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០២២ ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ទៅកាន់​ទីផ្សារ​អន្តរជាតិ សរុប មាន​ប្រមាណ​ជាង ៤​លាន​តោន បាន​កើនឡើង​ជាង​១០% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២១ គិត​ជា​ទឹកប្រាក់​សរុប​មាន​ជាង ២,៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ដោយឡែក នៅ​រយៈពេល​ដដែល​នេះ កម្ពុជាក៏​ទទួលបាន​ចំណូល​បន្ថែម​ពី​ការនាំចេញ​អង្ករ ចំនួន​ជាង ៤៣៥​លាន​ដុល្លារ និង​ចំណូល​ជាង ៤៩២​លាន​ដុល្លារ ពី​ការនាំចេញ​ស្រូវ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ផងដែរ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​៕​ដោយៈសិរីមតី