កីឡា

កាតាក្លាយជាប្រទេសម្ចាស់ផ្ទះដំបូងគេ ដែលចាញ់ការប្រកួតបើកឆាក

ក្រុមជម្រើសជាតិកាតា បានក្លាយជាក្រុមម្ចាស់ផ្ទះដំបូងគេ ដែលបានចាញ់ការប្រកួតបើកឆាក ក្នុងព្រឹត្តិការណ៍ World Cup របស់ពួកគេ ខណៈដែលក្រុមអេក្វាទ័រ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ក្នុងលទ្ធផល ២-០ ដោយកីឡាករ Enner Valencia ស៊ុតបញ្ចូលទីបាន ២គ្រាប់ សម្រាប់ហ្គេមបើកឆាក កាលពីថ្ងៃអាទិត្យ។

ក្រុមកាតា ដែលជាម្ចាស់ជើងឯកប្រចាំអាស៊ី បានរីករាយនឹងសំលេងកងរំពងពីអ្នកគាំទ្រ ក្នុងពហុកីឡដ្ឋាន Al Bayt ចំនួន ៦៧ ០០០នាក់ ប៉ុន្តែពួកគេមិនអាចលេចឡើងយ៉ាងត្រចះត្រចង់ឱ្យដូចពិធីបើកដ៏អធិកអធមបាននោះឡើយ។

ចំណែកក្រុមអេក្វាទ័រ បានគិតថា ពួកគេបានបង្កើតនូវការចាប់ផ្តើមប្រកបដោយក្តីសុបិនមួយ នៅពេលដែលកីឡាករ Valencia តែតបញ្ចូលទីឱ្យក្រុមនាំមុខ នៅនាទីទី៣ ប៉ុន្តែគ្រាប់បាល់នោះត្រូវបានបដិសេធ ដោយ VAR (វីដេអូជំនួយការអាជ្ញារកណ្ដាល) ដោយសារអកហ្ស៊ឺ។

នោះគ្រាន់តែជាការរួចខ្លួនមួយភ្លែតប៉ុណ្ណោះ សម្រាប់ក្រុមកាតា ដោយកីឡាករ Valencia បានទម្លុះសំណាញ់ទីឱ្យក្រុមទៅពីតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង) នាំមុខម្ដងទៀតពីការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី១៦ មុនពេលកីឡាករដដែលនេះ ធ្វើសម្រេចគ្រាប់ទី ២ របស់ខ្លួន ក្នុងហ្គេមបើកឆាកនេះ ក៏ដូចជាបន្ថែមការនាំមុខ ២-០ ឱ្យក្រុមអេក្វាទ័រ នៅនាទីទី៣១។

ក្រុមកាតាមានភាពប្រសើរឡើងវិញ ក្នុងវគ្គទី២ ប៉ុន្តែក្រោយបញ្ចប់រយៈពេល ៩០នាទី សំឡេងហ៊ោកញ្ជ្រៀវ ដោយរំភើបក្នុងកម្មវិធីបើក ក្លាយជាការចងចាំ ដែលរសាត់ទៅឆ្ងាយ។

គ្រូបង្វឹករបស់ក្រុមកាតា លោក Felix Sanchez បាននិយាយថា៖ «ភាពរំភើបចិត្តរបស់យើង បានក្បត់យើង។ យើងចាប់ផ្តើមមិនល្អសោះ។ យើងមិនអាចបញ្ចូនបាល់ពីម្នាក់ទៅម្នាក់ ៤ដងបន្តគ្នាបាន»។

ក្រុមកាតាចាំបាច់ត្រូវចៀសឱ្យផុតពីការរងបរាជ័យ សម្រាប់ការប្រកួតទី ២ ក្នុងពូល A របស់ពួកគេ ពេលប៉ះក្រុមសេណេហ្គាល់ នៅថ្ងៃសុក្រ ដើម្បីការពារភាពអាម៉ាស់ ក្នុងការក្លាយជាក្រុមម្ចាស់ផ្ទះទី២ បន្ទាប់ពីក្រុមអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ២០១០ ដែលបានធ្លាក់ពីព្រឹត្តិការដ៏ធំនេះ តាំងពីជុំដំបូង។

មានការដាក់ក្តីសង្ឃឹមយ៉ាងខ្ពស់ពីអ្នកគាំទ្រ ដែលថា ក្រុមកាតាអាចចាប់ផ្តើមដោយជ័យជម្នះ ប៉ុន្តែភាពខ្វះខាតរបស់ក្រុម ដែលទើបបានបង្ហាញខ្លួនជាលើកដំបូង នៅ World Cup ត្រូវបានលាតត្រដាងដោយយល់យោគ ជាមួយនឹងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ក្រុមអេក្វាទ័រ៕