កីឡា

Enrique និយាយថា មិនយុត្តិធម៌ទេ បើ Messi ចូលនិវិត្តន៍ ដោយមិនឈ្នះ World Cup

លោក Luis Enrique ជឿជាក់ថា វានឹងជារឿង «អយុត្តិធម៌» សម្រាប់កីឡាករ Lionel Messi ក្នុងការបញ្ចប់អាជីពដ៏ភ្លឺស្វាងរបស់​ខ្លួន ដោយមិនធ្លាប់​បាន​ឈ្នះពាន​រង្វាន់​ពី​ព្រឹត្តិការណ៍ World Cup ហើយលោក​ចង់ឱ្យក្រុម​ជម្រើស​ជាតិអាហ្សង់ទីនឈ្នះជើង​ឯក នៅប្រទេសកាតា ប្រសិនបើក្រុមអេស្ប៉ាញរបស់លោក មិន​ជោគ​ជ័យ​នោះទេ។

ខ្សែប្រយុទ្ធ​ឆ្នើម Messi នឹងចាប់ផ្តើមយុទ្ធនាការ នៅ World Cup ជាលើកទី៥ របស់ខ្លួន នៅពេលដែលក្រុម​អាហ្សង់ទីន ត្រូវជួបជាមួយក្រុមអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារ ដោយ​ការរង​បរាជ័យ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ក្រុម​ពពក​ស កាល​ពី​ឆ្នាំ២០១៤ នោះ ជាឱកាស​ដ៏​កៀក​បំផុត ដែលរូប​គេ​ ត្រូវ​បាន​កាន់​ពាន​រង្វាន់ដ៏​ធំ​នេះ ក្នុង​ដៃ​។

បើ​ទោះបីជាស៊ុតបញ្ចូលទីបាន ៦គ្រាប់ នៅ World Cup (៤គ្រាប់ ក្នុងឆ្នាំ​២០១៤) ក៏ដោយ ក៏កីឡាករ Messi មិន​អាច​ទម្លុះ​សំណាញ់​ទី​បាន ក្នុងរយៈពេល ៧៥៦នាទីនៃការប្រកួត ក្នុង​វគ្គ​ចាញ់​ធ្លាក់ នាពេល​នោះ​ដែរ។

តែកីឡាករ Messi មក​ចូល​រួម​ក្នុងព្រឹត្តិការណ៍​នេះ ជាមួយ​នឹង​ការ​មាន​​ទម្រង់លេងដ៏ល្អ បន្ទាប់ពីសម្របខ្លួនមួយ​រយៈ នៅឯ​ក្រុម Paris Saint-Germain ហើយប្រសិនបើលោក Enrique មិនអាចដឹកនាំអេស្ប៉ាញឱ្យទទួល​បាន​ភាព​រុង​រឿង នៅ​កាតានេះ​ទេ គាត់សង្ឃឹមថា អតីតខ្សែប្រយុទ្ធ នៅ​ក្លិប Barcelona ​របស់គាត់រូប​នេះ នឹងទទួលជ័យជម្នះ។

លោក Enrique បាននិយាយនៅលើឆាណែល Twitch របស់គាត់ កាលពីថ្ងៃសុក្រថា៖ «ប្រសិនបើអេស្ប៉ាញមិនឈ្នះពាន​ World Cup សុំ​ឱ្យអាហ្សង់ទីន​ជា​អ្នក​សម្រេច​បាន​ទៅចុះ។ វា​នឹង​ជា​រឿង​អយុត្តិធម៌​ សម្រាប់ Messi ក្នុង​ការ​ចូល​និវត្តន៍ ​ដោយ​មិន​មាន​ឈ្នះ​ពាន​ World Cup នោះ​ទេ»។

នៅពេលត្រូវ​បាន​សួរថា តើក្រុម​ណា​ ដែល​គាត់​គិតថា នឹងក្លាយជាគូប្រជែងដ៏​ធំ សម្រាប់ការ​ប្រកួត​ប្រជែង​នេះ លោក Enrique បានបន្ថែមថា៖ «ក្រុមប្រេស៊ីល និងអាហ្សង់ទីន គឺជាជម្រើស ដែលមនុស្សគ្រប់គ្នាមាន នៅក្នុងចិត្តរួច​ហើយ ហើយពិតណាស់ ក៏មាន​ក្រុមបារាំង និងអាល្លឺម៉ង់។ ​ដូចគ្នាដែរ ​អេស្ប៉ាញ និងហូឡង់ ជាក្រុមមិន​អាច​មើល​រំលង​បាន​»។

លោក Enrique បានបង្ហាញខ្លួនចំនួន ១២លើក ក្នុងនាមជាកីឡាកររបស់​ក្រុម​គោជល់អេស្ប៉ាញ ដោយ​បាន​ឆ្លងកាត់យុទ្ធនាការ World Cup ចំនួន ៣ដង ក្នុងឆ្នាំ១៩៩៤, ឆ្នាំ​១៩៩៨ និងឆ្នាំ​២០០២ ក្នុង​នោះ​រូប​លោកស៊ុតបញ្ចូលទីបាន ២គ្រាប់៕